១​ថ្ងៃ ម្សិលមិញ​! មនុស្ស ៣​នាក់​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ បានប្រកាស​ជា​បន្តបន្ទាប់ បញ្ជាក់​ពី​ករណី​អ្នកជំងឺ​ចំនួន ៣​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​អ្នកជំងឺ​ចំនួន ៣​នាក់ ដែល​បាន​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩​នោះ រួមមាន​៖
១. ករណី​ស្លាប់​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៥៦​ឆ្នាំ ៖ ស្ត្រី​រូបនេះ រស់នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦:៥០​នាទី​ល្ងាច ។​

​គាត់​ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៧ ខែមីនា​។ អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​តាំងពី​ចូល​សម្រាក​ដំបូង ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ដើម្បី​ជួយសង្គ្រោះ​រហូតដល់​ថ្ងៃទី​៣១ ខែមីនា ទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​យកចិត្តទុកដាក់​ជួយសង្គ្រោះ តាម​បច្ចេកទេស​យ៉ាងណាក៏ដោយ ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន ហើយ​គាត់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូវ​ដ​-១៩ នៅ​ថ្ងៃទី​៣១ ខែមីនា វេលា​ម៉ោង ១៦:៥០​នាទី​ល្ងាច​។​

២. ករណី​ស្លាប់​ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៨​ឆ្នាំ ៖ ស្ត្រី​រូបនេះ រស់នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ វេលា​ម៉ោង​១៤:៤០​នាទី រសៀល​។​

​នៅ​ថ្ងៃទី​៣០ ខែមីនា​ស្ត្រី​ខាងលើ​ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយក៏​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​។ អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​តាំងពី​ចូល​សម្រាក​ដំបូង​ដោយសារ​គាត់​មាន​ជំងឺ​ប្រចាំកាយ​ដូចជា​៖ ជំងឺ​ទឹកនោមផ្អែម ប្រភេទ​១ ជំងឺ​ខ្សោយ​តម្រង់​នោម​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុងក្រោយ អាចជា​មូលហេតុ​បណ្តាលឱ្យ​អ្នកជំងឺ​នេះ​ធ្លាក់​ក្នុងស្ថានភាព ធ្ងន់ធ្ងរ ទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ព្យាបាល​តាម​បច្ចេកទេស ដោយ​រួមផ្សំ​ការប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង​នោះ នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន ហើយ​គាត់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​៣១ ខែមីនា​វេលា​ម៉ោង​១៤:៤០​នាទី រសៀល ។​

៣. ករណី​ស្លាប់​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៥៦​ឆ្នាំ ៖ ស្ត្រី​រូបនេះ​រស់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៣៧​នាទី​ព្រឹក ។​

​នៅ​ថ្ងៃទី​២៦ ខែមីនា ស្ត្រី​ខាងលើ​ត្រូវបាន រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយក៏​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី ២៦ ខែមីនា​នេះដែរ ។ អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​តាំងពី​ចូល​សម្រាក​ដំបូង ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ដើម្បី​ជួយសង្គ្រោះ​រហូតដល់​ថ្ងៃទី ៣១ ខែមីនា​ទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​យកចិត្តទុកដាក់​ជួយសង្គ្រោះ តាម​បច្ចេកទេស​យ៉ាងណា ក៏ដោយ ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន ហើយ​គាត់ ក៏បាន​ស្លាប់បាត់​បង់ជីវិត​កាលពី​វេលា​ម៉ោង​១០ :៣៧​នាទី ព្រឹក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close