ការបង្កើត​រដ្ឋាភិបាល​ស្រមោល សង្គ្រាមស៊ីវិល​អាច​នឹង​ផ្ទុះឡើង​នៅ​មី​យ៉ាន់​ម៉ា​

សហគមន៍​អន្តរជាតិ​ពិសេស​គឺ​ប្រទេស​នៅក្នុង​តំបន់ បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ពី​សង្គ្រាម​ស៊ី​វី​ល​ផ្ទុះឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​ប្រទេស​នេះ​មាន​រដ្ឋាភិបាល​ពីរ ។ នៅពេលនេះ​ក្រុមតំណាងរាស្ត្រ​ដែល​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​បានសម្រេច​បង្កើត​រដ្ឋាភិបាល​ស្រមោល ហើយ​គៀងគរ​កម្លាំង ក្រុម​ទាហាន​ជនជាតិភាគតិច មាន​ទាហាន​កា​រ៉ែ​ន ជាដើម ដើម្បី​ប្រឆាំង​យោធា ។​

​លោក Zin Mar Aung តំណាងរាស្ត្រ​មួយរូប​មកពី​គណបក្ស​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ NLD បាន​លើកឡើងថា «​យើង​ជិត​បានសម្រេច​ហើយ រដ្ឋាភិបាល​សាមគ្គី​ជាតិ​សាសន៍​បណ្តោះអាសន្ន​របស់​មី​យ៉ាន់​ម៉ា នឹង​កើនឡើង​ក្នុងពេល​ឆាប់ៗ​នេះ​»​។​

​លោក Zin Mar Aung ត្រូវបាន​ជ្រើសរើស​ឲ្យ​កាន់តំណែង​រដ្ឋមន្ត្រីការបរទេស របស់​រដ្ឋា​ភី​បាល​ស្រមោល តំណាង​ឲ្យ ក្រុម​អ្នកតំណាងរាស្ត្រ ដើម្បី​បង្កើត​ទំនាក់ទំនង​នៅ​ខាងក្រៅ​ជួយ​ដល់​រដ្ឋាភិបាល តទល់​និង​យោធា​។ សមាជិក​រដ្ឋាភិបាល​ស្រមោល គឺជា​តំណាងរាស្ត្រ​ដែល​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​នៅក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០២០ បាន​ពិភាក្សា​ជាមួយ​បណ្តា ក្រុម​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​នេះ និង​បណ្តា​គណបក្សនយោបាយ ដើម្បី​ប្រឆាំង​យោធា ។ ជាមួយគ្នានេះ​រដ្ឋាភិបាល​ស្រមោល​នឹង​បង្កើត​រដ្ឋធម្មនុញ្ញ​បណ្តោះអាសន្ន ផងដែរ​ដើម្បី​ជា​មូលដ្ឋាន​នៅក្នុង​ការអនុវត្ត​។​

​ស្ថានភាព​ខាងលើ អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្រុម​អ្នកជំនាញ បញ្ជាក់ថា អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាមស៊ីវិល​កើតឡើង ប្រសិនបើ​រដ្ឋាភិបាល​ស្រមោល​គៀងគ ក្រុម​ប្រដាប់អាវុធ រាប់សិប​ក្រុម​នៅក្នុង​ប្រទេស​នេះ​ចូលរួម​ប្រឆាំង​យោធា ។​

​ក្រោយ​មាន​អំពើហិង្សា រវាង​បាតុករ និង​កម្លាំង​ទាហាន បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ជាង​៥០០​នាក់មក សហគមន៍​អន្តរជាតិ​ក្នុងនោះ​អាមេរិក បានស្នើ​ដល់​បណ្តា​ប្រទេស​ផ្តាច់ទំនាក់ទំនង​រកស៊ី​ជាមួយ ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​និង​យោធា​មី​យ៉ាន់​ម៉ា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close