តំបន់​ទំនប់រលក ក្រុងព្រះសីហនុ ត្រូវ​បិទ​មួយផ្នែក ខណៈ​កំពុងមាន​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩

ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​សេចក្តីជូនដំណឹង ស្តីពី​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន ចំពោះ​ទីតាំង​មួយផ្នែក នៃ​តំបន់​ទំនប់រលក ដែល​កំពុងមាន​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ (​ចាប់ពី​ក្រុមទី​៦ ដល់​ក្រុមទី​១១ ពី​ក្រុមទី​១៦ ដល់​ក្រុមទី​២៤ និង​ក្រុមទី​៣២) ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា យោងតាម​លទ្ធផល​តេស្ត​វត្ថុ​សំណាក​ដែល​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​យក​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនប់រលក ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​បញ្ជាក់ថា​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ កើន​ឡើងជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ជាមួយ​មនុស្ស​នៅក្នុង​តំបន់​នោះ​។​

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្តទៀត រដ្ឋបាលខេត្ត​សម្រេច​បិទ​ខ្ទប់​តំបន់​ទំនប់រលក​មួយ​ផ្នែក​(​ចាប់ពី​ក្រុមទី​៦ ដល់​ក្រុមទី​១១ ក្រុមទី​១៦ ដល់​ក្រុមទី​២៤ និង​ក្រុមទី​៣២) ជាបន្ទាន់ ចាប់ពី​មាត់សមុទ្រ​ដល់​ផ្លូវ​រថភ្លើង ដោយ​កំណ​ត់បិទ​ចាប់​ពីមុខ​ស្នាក់ការ​កងរាជអាវុធហត្ថ​ទំនប់រលក រហូតដល់​ផ្លូវ​ឡើងទៅ​រោងចក្រ អរ ស៊ី អាយ (​ទាំងសងខាង​ផ្លូវ​) ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការចេញ​-​ចូល​តំបន់​នោះ​បន្ត​ទៀតឡើយ​។

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ទំនប់​រលំ​ក អាចធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ដើម្បី​ទិញ​ម្ហូបអាហារ សម្ភារ​ប្រើប្រាស់​ចាំបាច់​នានា​នៅ​ផ្សារ​ក្នុងភូមិ ដោយ​អ្នកលក់ និង​អ្នកទិញ​ត្រូវ​ពាក់​ម៉ាស់​បាញ់​អាល់កុល ឬ​ដែល​សម្លាប់​មេរោគ រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ដាក់​ខ្សែ​ចង​នៅមុខ​កន្លែង​លក់ដូរ​ឱ្យបាន​ត្រឹមត្រូវ​។

​ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុមទី​៩, ១២, ១៣, ១៤ និង​ក្រុមទី​១៥ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​គឺ​មិន​អនុញ្ញាតឱ្យ​ចេញពី​ទីតាំង​របស់ខ្លួន​ឡើយ​។ ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នឹង​ចុះ​ស្រាវជ្រាវ សម្ភាសន៍​អ្នកពាក់ព័ន្ធ​នៅក្នុង​ទីតាំង​នោះ ហើយ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​ចុះ​យក​វត្ថុ​សំណាក​ពី​អ្នក​រស់នៅក្នុង​តំបន់​នោះ​ទាំងអស់គ្នា​ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ទំនប់រលក ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​វិធានការ​«៣​ការពារ​និង​៣​កុំ​»​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ធុ​រ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅ មក​ក្រុងព្រះសីហនុ​-​ស្រុក​ស្ទឹងហាវ ត្រូវ​វាង​តាមផ្លូវ​រោងចក្រ អរ ស៊ី អាយ (RCI) វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close