ទាហានមីយ៉ាន់ម៉ា២០នាក់ស្លាប់ ក្នុងការវាយប្រហារគ្នាជាមួយទាហាន ក្រុមជនជាតិភាគតិចនៅរដ្ឋ កាឈីន
ការបាញ់ប្រហារគ្នាយ៉ាងខ្លាំងជាមួយកម្លាំងទាហាននៅរដ្ឋកាឈីន(Kachin) បណ្តាលឲ្យទាហានមីយ៉ាន់ម៉ា ២០ នាក់ស្លាប់ និងដុតបំផ្លាញរថយន្តយោថា ៤គ្រឿង ។ កម្លាំងទាហានការ៉ែន គឺជាក្រុមធំបំផុត ក្នុងចំណោម កម្លាំងទាហានជនជាតិភាគតិច នៅក្នុងប្រទេសនេះ ។ ជាមួយគ្នានេះ ការវាយប្រហារគ្នាបណ្តាលឲ្យពលរដ្ឋជាច្រើនភៀសខ្លួនទៅកាន់ប្រទេសថៃ។
ការវាយប្រហារគ្នាកើតឡើង ក្រោយពេល ទាហានមីយ៉ាន់ម៉ា បើកការវាយប្រហារតាមដែនអាកាស ទម្លាក់គ្រាប់ទៅលើទីតាំងជាច្រើន របស់ទាហាន ការ៉េន ។ នៅថ្ងៃទី៣១ខែមីនា ទាហាន ការ៉ែនក៏បានវាយប្រហារទីតាំងប៉ូលិស នៅស្រុក Shwegu ក្នុងរដ្ឋ កាឈីន ដោយរឹបអូសបានអាវុធជាច្រើន។ ដោយការវាយប្រហារគ្នា កើនឡើង នៅថ្ងៃទី១ខែមេសា កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធមួយចំនួននៅក្នុងប្រទេសនេះរយៈពេល១ខែ។
សារព័ត៌មាន Chanel News Asia បានផ្សាយថា កម្លាំងទាហានមីយ៉ាន់ម៉ានៅថ្ងៃទី៣១ខែមីនា បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេល១ខែ។ ការប្រកាសខាងលើ ក្រោយពេល មានករណីបាញ់ប្រហារគ្នារវាងកម្លាំងទាហានជនជាតិភាគតិចនិឹងទាហានរដ្ឋាភិបាល នៅតំបន់ជាប់ព្រំដែន។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានក្រុមប្រដាប់អាវុធជាង១០ក្រុមនៅក្នុងប្រទេសនេះ ធ្លាប់ធ្វើសង្គ្រាមជាមួយទាហានរដ្ឋាភិបាល ដើម្បីស្វែងរកការគ្រប់គ្រងដោយស្វ័យភាព។ ក្រុមទាហានជនជាតិភាគតិចក៏បានព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលប្រជាធិបតេយ្យ ។
កន្លងមក ក្រុមទាហានជនជាតិភាគតិចបានដាក់គំនាបទៅលើកម្លាំងទាហានដែលដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ក្រុមប្រឆាំងបានអំពាវនាវដល់ពលរដ្ឋឈប់ធ្វើការទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ដើម្បីបិទសេដ្ឋកិច្ចរដ្ឋាភិបាលយោធា។
ក្រុមតំណាងរាស្ត្រដែលទទួលបានការបោះឆ្នោតគាំទ្រពីពលរដ្ឋ បានសហការជាមួយកម្លាំងប្រដាប់អាវុធក្រុមជនជាតិភាគតិចដាក់គំនាបលើរដ្ឋាភិបាលយោធា ។ ក្រុមជនជាតិភាគតិចកំពុងតែអំពាវនាវឲ្យរួបរួមគ្នាដើម្បីទប់ទល់ជាមួយទាហានរដ្ឋាភិបាល ។
កន្លងមក ក្រុមតំណាងរាស្ត្របានឡើងគម្រោងបង្កើតរដ្ឋាភិបាលស្រមោលដោយសហការជាមួយក្រុមទាហានជនជាតិភាគតិច ប្រឆាំងរដ្ឋាភិបាលយោធា។ សកម្មភាពទាំងនោះបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមស៊ីវិល កើតឡើងនៅក្នុងប្រទេសនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។