រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ កូ​វីដ​១៩ ជា​ឱកាស​សម្រាប់​កម្ពុជា ធ្វើកំណែទម្រង់ ដើម្បី​ពង្រឹង​ការ​អភិ​ឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា កម្ពុជា​បានប្រែក្លាយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទៅជា​ឱកាស​កែទម្រង់​ក្នុងប្រទេស ហើយ​ក្រសួងពាណិជ្ជកម្ម បាន​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ និង​ធ្វើ​ព​ពិធ​កម្មវិស័យ​នាំចេញ សំដៅ​ជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នោះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​០១ ខែមេសា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ Conference ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង និង​មន្ទីរ​ពាណិជ្ជកម្ម​គ្រប់លំដាប់​ថ្នាក់​ចំនួន​ជាង ២០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​អង្គសន្និបាត​ពី​សមិទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​ការរក្សាបាន​កំណើន​នាំចេញ ១៦,៧% ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៩ ការខិតខំ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ទាក់ទាញ​វិនិយោគ​ថ្មីៗ​បន្ថែម តាមរយៈ​ការចរចារ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ការពង្រឹង​វិស័យ​កម្មសិទ្ធិបញ្ញា និង​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប ដើម្បី​លើកកម្ពស់​សេវាសាធារណៈ និង​សម្រួល​ការធ្វើ​ធុរកិច្ច​ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តទៀតថា ក្រសួងពាណិជ្ជកម្ម​បាន​កំពុង​ខិតខំ​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ថែមទៀត ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក តាមរយៈ​ការពង្រឹង​ធនធានមនុស្ស ការធ្វើកំណែទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល និង​គ្រប់គ្រង ការអភិវឌ្ឍ​ស្ថាប័ន រួមទាំង​កសាង​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ផងដែរ​។​

​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​វិស័យ​ពាក់ព័ន្ធ សំដៅ​ចងក្រង និង​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បានផ្តល់​ឱកាស​ដល់​មន្ត្រី​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​វិស័យ​ឯកជន និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួងពាណិជ្ជកម្ម រាយការណ៍​អំពី​សកម្មភាព​ការងារ បញ្ហា​ប្រឈម ក៏ដូចជា​លើក​អនុសាសន៍​នានា ដើម្បី​ដាក់ជូន​អង្គសន្និបាត​ធ្វើការ​ពិភាក្សា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close