រដ្ឋបាលស្រុកសូទ្រនិគម ចែកអំណោយដល់គ្រួសារក្រីក្រ ៣៨គ្រួសារ និងចែកកង់ ៤៤គ្រឿង ដល់សិស្ស
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ នៅបរិវេណសាលាបឋមសិក្សាតាតោកកណ្ដាលបានរៀបចំពិធីចែកអំណោយដោយអង្គការទស្សនៈពិភពលោកប្រចាំស្រុកសូទ្រនិគម បានសហការរៀបចំចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៣៨គ្រួសារ មកពីបណ្តាភូមិចំនួន ១១ភូមិ ក្នុងឃុំចាន់ស ក្រោមអធិបតីភាពលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួម លោក សួន ជំនិត មេឃុំចាន់ស លោក តាន់ ឡែន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក។
លោក អភិបាលស្រុក និងលោកស្រីប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោកដែលបានយកអំណោយទាំងនេះចែកជូនប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រដែលរស់នៅក្នុងឃុំចាន់ស ស្រុកសូទ្រនិគម។ជាមួយគ្នានេះ លោក អភិបាលស្រុកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានករណីសង្ស័យសូមរាយការបន្ទាន់ជូនអាជ្ញាធរមានសមត្ថិកច្ច ឬខលទៅលេខ១១៥ ដើម្បីមានវិធានការ។
លោកបានបន្តថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ចួននូវវិធានការសុខាភិបាល ពិសេសប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយចូលរួមកុំបីខាននូវវិធានការ ៣ការពារ និង៣កុំ។
អំណោយទាំងនោះរួមមាន៖ អង្ករ ៣០គីឡូក្រាម,មីម៉ាម៉ា១កេស,ត្រីខ១យួរ,ប្រេងឆា ២លីត្រ,ទឹកត្រី១យួរ,ទឹកស៊ីអីវ១យួរ,ស្កស១គីឡូ,អំបិល២គីឡូ ព្រមទាំងកង់ចំនួន ៤៤គ្រឿង ដល់សិស្សក្រីក្រផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។