សង្ស័យអធិការរងស្រុកជើងព្រៃមានពាក់ព័ន្ធអ្វីជាមួយសង្វៀនជល់មាន់ ទើបហ៊ានចេញលុយជំនួសអ្នកកាងសង្វៀនមាន់ដែលបានវាយឡានអ្នកកាសែត

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានករណីក្រុមជើងកាងសង្វៀនមាន់មួយកន្លែងស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានប្រើប្រាស់ដំបងវាយសន្ធាប់ទៅលើរថយន្តរបស់អ្នកកាសែតមួយក្រុមដែលបានចុះទៅកាន់ទីនោះ និងបានបើកឡានពារម៉ូតូរបស់ក្រុមជើងកាងនោះដួល។

ជនរងគ្រោះដែលជាអ្នកកាសែតបាននិយាយថា ពេលដែលក្រុមពួកគេចុះទៅកាន់ទីតាំងនោះ មិនទាន់ទាំងទៅដល់កន្លែងសង្វៀនមាន់ផង ក៏ស្រាប់តែលេចចេញក្រុមជើងកាងជាច្រើននាក់បានមកឡោមព័ទ្ធរថយន្ត ហើយក៏បានប៉ះពាក្យសម្តីគ្នា, បន្ទាប់មកក្រុមអ្នកកាសែតបានបើករថយន្តចេញ តែកន្ទុយឡានបានប៉ះម៉ូតូក្រុមជើងកានសង្វៀនមាន់បណ្តាលឲ្យដួល ទើបក្រុមជើងកាងនោះបានយកដំបងវាយកម្ទេចកញ្ចក់រថយន្តអ្នកកាសែត និងបានដេញតាមវាយទៀត រហូតដល់ក្រុមអ្នកកាសែតជិះរថយន្តចូលទៅកាន់ស្នាក់ការកងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍ តែគ្មាននរណាជួយអន្តរាគមន៍ឡើយ។

បន្ទាប់មកក្រុមអ្នកកាសែតក៏បានស្វែងរកអន្តរាគមន៍ទៅកាន់អភិបាលខេត្តកំពង់ចាម ទើបអភិបាលលោកអភិបាលខេត្តបញ្ជាឲ្យចៅហ្វាយស្រុកជើងព្រៃ ជួយដោះស្រាយ។ បន្ទាប់ពីមានអន្តរាគមន៍នេះ ទើបមានការហៅអ្នកកាសែតទាំងនោះទៅកាន់អធិការស្រុកជើងព្រៃដើម្បីសួរនាំ។
តែអ្វីដែលមិននឹកស្មាននោះ តាមការអះអាងរបស់អ្នកកាសែតរងគ្រោះថា គឺលោកវរសេនីយ៍ កាំង គឹមហុង ដែលជាអធិការរងស្រុកជើងព្រៃ បានរៀបចំកែប្រែសំណុំរឿងហិង្សានេះ ទៅជាគ្រឿងគ្រោះថ្នាក់ចរាចរណ៍ ហើយបានយកមនុស្សម្នាក់ឲ្យមកទទួលកំហុស និងឲ្យលុយ៥០០ដុល្លារទៅក្រុមអ្នកកាសែតដើម្បីបញ្ចប់រឿង។

ការកែប្រែសំណុំរឿងហិង្សា ទៅជាសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងការចេញលុយ៥០០ដុល្លារផ្ទាល់ខ្លួនឲ្យជនរងគ្រោះជាអ្នកកាសែតនោះ មហាជនបាននិយាយថា វាបានបង្ហាញយ៉ាងច្បាស់ថា លោកអធិការរងរូបនេះពិតជាមានអ្វីពាក់ព័ន្ធជាមួយសង្វៀនបញ្ជល់មាន់នោះជាក់ជាមិនខាន ដែលថ្នាក់ដឹកនាំមិនគួរមើលរំលងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។