អភិបាលក្រុងព្រះសីហនុអំពាវនាវដល់ពលរដ្ឋរស់នៅតំបន់ទំនប់រលក ទៅធ្វើតេស្តរកកូវីដ១៩ ក្រោយតំបន់នោះមានវិជ្ជមាន៦៣នាក់

គិតត្រឹមព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ គេបានរកឃើញប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលកចំនួន ៦៣នាក់ហើយ ដែលវិជ្ជាមានជម្ងឺCovid-19, ជាមួយនឹងការរកឃើញដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ក្នុងសង្កាត់១ ក្រុងព្រះសីហនុ សូមអញ្ជើញមកសាលាអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដើម្បីយកសំណាកតេស្តរកជម្ងឺCovid-19 ឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃអំពាវនាវនេះតទៅ។

ប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ដែលត្រូវមកយកសំណាក រួមមានពលរដ្ឋរស់នៅ ក្រុមទី ០៦, ០៧, ០៩, ១០, ១១, ១២, ១៣, ១៤, ១៥, ១៦, ១៧, ១៨, ១៩, ២០, ២១, ២២, ២៣, ២៤, ៣២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
* អត្ថប្រយោជន៍ដែលបងប្អូនប្រជាពលរដ្ឋមកយកសំណាកបានទាន់ពេលវេលា
១/ អ្នកឆ្លងជម្ងឺCovid-19 នៅតំណាកកាលដំបូង អាចមានស្ថានភាពមិនធ្ងន់ធ្ងរដូច្នេះងាយស្រួលដល់ក្រុមគ្រូពេទ្យព្យាបាលបានទាន់ពេលវេលា និងគេចផុតពីសេចក្តីស្លាប់។
២/ ទប់ស្កាត់ការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកដទៃ ពិសេសទប់ស្កាត់ការឆ្លងជាសហគមន៍កាន់តែរីករាលដាលធំទៅៗ។
៣/ ចុងក្រោយឈានដល់ការគ្រប់គ្រងបានទាំងស្រុងនៃការឆ្លងរីករាលដាល និងបញ្ចប់ជីវិតជម្ងឺCovid-19។
* ហានិភ័យនៃការមិនចូលរួមសហការ និងការមិនមកយកសំណាកឲ្យបានទាន់ពេលវេលា
១/ អ្នកឆ្លងជម្ងឺCovid-19 អាចមានស្ថានភាពឈឺធ្ងន់ធ្ងរ ហួសពេលដែលក្រុមគ្រូពេទ្យអាចព្យាបាលសង្គ្រោះជីវិតបាន នឹងប្រឈមសេចក្តីស្លាប់ខ្ពស់។
២/ ការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកដទៃ ពិសេសការឆ្លងជាសហគមកាន់តែរីករាលដាលធំទៅៗ មិនអាចគ្រប់គ្រងបាន។
៣/ ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលកទាំង ១៩ក្រុមខាងលើ សូមអញ្ជើញមកសាលាអនុវិទ្យាល័យសាគូរ៉ា ដើម្បីឲ្យក្រុមគ្រូពេទ្យយកសំណាកតេស្តរកជម្ងឺCovid-19 ទាំងអស់គ្នា និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងកុំចេញក្រៅផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។