ពិភពលោកមានអ្នកឆ្លងកូវិដ១៩ ជិត ១៣២លាននាក់ ស្លាប់ជាង២,៨លាននាក់ ជាមួយគ្នានេះមានពលរដ្ឋចាក់វ៉ាក់សាំង ជិត៦០០លាននាក់ហើយ

ការស្លាប់និងឆ្លងកូវីដ ១៩ នៅលើពិភពលោក កើនឡើងជាបន្តបន្ទាប់ ដោយមានអ្នកឆ្លងកើនឡើងដលទៅជិត១៣២លាននាក់ហើយ និងស្លាប់ជាង២,៨លាននាក់ ។ នៅពេលនេះដែរមានពលរដ្ឋដល់ទៅ ជិត ៦០០លាននាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ហើយនៅពេលដ៏ខ្លីខាងមុខនឹងមានពលរដ្ឋចាក់វ៉ាក់សាំង កើនឡើងដល់ទៅ ១ពាន់លាននាក់។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៤២០,៣៣១នាក់ ស្លាប់ចំនួន ៥៦៨,៧៧៧នាក់ និងជាសះស្បើយចំនួន ២៣,៩៤៦,៧០៣នាក់។ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១២,៩៨៤,៩៥៦នាក់ ស្លាប់ចំនួន ៣៣១,៥៣០នាក់ និងជាសះស្បើយ ១១,៣៥៧, ៥២១នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១២,៥៨៧,៩២០នាក់ ស្លាប់ ១៦៥,១៣២នាក់ និងជាសះស្បើយ ១១, ៦៧៩,៩៥៨នាក់។
បើទោះបីមានករណីឆ្លងច្រើន ប៉ុន្តែប្រទេសមួយចំនួនដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនបានត្រៀមលក្ខណៈបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្នុងនោះមានប្រទេសអង់គ្លេស។ សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ៥ខែមេសាបានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នឹងដាក់ចេញនូវផែនការថ្មី ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ច តាមរយៈចាប់ផ្តើមការធ្វើដំណើរអន្តរជាតិឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីខ្លួបបានចាប់ផ្ដើមដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏លឿនបំផុតមួយនៅលើពិភពលោក។

ខណៈដែលប្រទេសអឺរ៉ុបភាគច្រើន កំពុងដើរចូលទៅក្នុងវិធានការបិទទ្វារ (lockdown) សាជាថ្មី ដើម្បីដោះស្រាយនឹងករណីឆ្លងដែលកំពុងកើនឡើង លោក Johnson នឹងផ្តល់ព័ត៌មានថ្មីៗស្តីពីផែនការដ៏ចង្អៀតរបស់លោក ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលជាការជំរុញដ៏ធំមួយសម្រាប់ចក្រភពអង់គ្លេស អំឡុងពេលដែលជំងឺ COVID-19 ដ៏កាចសាហាវកំពុងបន្តរាតត្បាត។
លោក Johnson អាចនឹងប្រកាសឲ្យហាងលក់ទំនិញបន្ទាប់បន្សំ និងហាងកាត់សក់បើកដំណើរការឡើងវិញនៅអង់គ្លេស ចាប់ពីថ្ងៃទី១២ ខែមេសា ខណៈពេលដែលលោកក៏នឹងផ្តល់ព័ត៌មានលម្អិតបន្ថែម ស្តីពីលិខិតឆ្លងដែនវ៉ាក់សាំង និងការធ្វើដំណើរអន្តរជាតិផងដែរ។ លោក Johnson បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅពេលដែលយើងបន្តធ្វើឱ្យមានវឌ្ឍនភាពល្អ លើកម្មវិធីចាក់វ៉ាក់សាំងរបស់យើង និងជាមួយផែនការមេរបស់យើង ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង ដោយមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើតេស្តលឿនជាទៀងទាត់ គឺមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យប្រាកដថា កិច្ចប្រឹងប្រែងមិនត្រូវបានខ្ជះខ្ជាយឡើយ»។
អង់គ្លេសអាចនឹងបន្តឈានទៅរក ការធូរស្បើយឡើងវិញ បន្ទាប់ពីប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនក្នុងស្រុក AstraZeneca និងក្រុមហ៊ុនអាមេរិក Pfizer ជូនដល់ប្រជាជនពេញវ័យ ជាងពាក់កណ្តាលរបស់ខ្លួន។ រីឯការបើកសាលារៀនឡើងវិញ កាលពីខែមីនាកន្លងទៅនេះ ក៏មិនទាន់ធ្វើឱ្យមានករណីឆ្លងផ្ទុះឡើងវិញដែរ ទោះបីជាអាជ្ញាធរបានបង្កើនការធ្វើតេស្តក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។