អង់គ្លេស ដាក់ចេញផែនការធ្វើដំណើរ បន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នឹងដាក់ចេញនូវផែនការថ្មី ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ច តាមរយៈចាប់ផ្តើមការធ្វើដំណើរអន្តរជាតិឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីខ្លួបបានចាប់ផ្ដើមដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏លឿនបំផុតមួយនៅលើពិភពលោក។

លោក បូរីស ចនសុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលយើងបន្តធ្វើឱ្យមានវឌ្ឍនភាពល្អ លើកម្មវិធីចាក់វ៉ាក់សាំងរបស់យើង និងជាមួយផែនការមេរបស់យើង ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង ដោយមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើតេស្តលឿនជាទៀងទាត់ គឺមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យប្រាកដថា កិច្ចប្រឹងប្រែងមិនត្រូវបានខ្ជះខ្ជាយឡើយ។
លោកបន្ថែមថា អាចនឹងប្រកាសឲ្យហាងលក់ទំនិញបន្ទាប់បន្សំ និងហាងកាត់សក់បើកដំណើរការឡើងវិញនៅអង់គ្លេស ចាប់ពីថ្ងៃទី១២ ខែមេសា ខណៈពេលដែលលោកក៏នឹងផ្តល់ព័ត៌មានលម្អិតបន្ថែម ស្តីពីលិខិតឆ្លងដែនវ៉ាក់សាំង និងការធ្វើដំណើរអន្តរជាតិផងដែរ ។
សូមជម្រាបថា អង់គ្លេសអាចនឹងបន្តឈានទៅរក ការធូរស្បើយឡើងវិញ បន្ទាប់ពីប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនក្នុងស្រុក AstraZeneca និងក្រុមហ៊ុនអាមេរិក Pfizer ជូនដល់ប្រជាជនពេញវ័យ ជាងពាក់កណ្តាលរបស់ខ្លួន ។ រីឯការបើកសាលារៀនឡើងវិញ កាលពីខែមីនាកន្លងទៅនេះ ក៏មិនទាន់ធ្វើឱ្យមានករណីឆ្លងផ្ទុះឡើងវិញដែរ ទោះបីជាអាជ្ញាធរបានបង្កើនការធ្វើតេស្តក៏ដោយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។