ចូលឆ្នាំនេះ បើ​ទៅលេងខេត្ត​កំពង់ឆ្នាំង គឺត្រូវ​ធ្វើចត្តាឡីស័ក​១៤ថ្ងៃ ព្រមទាំងធ្វើតេស្ត​សំណាកទៀត

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ​នៅថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១ នេះ បានប្រាប់​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​ពិនិត្យ​មើលពលរដ្ឋនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ពិសេស​ត្រូវ​តែធ្វើ​ការ​ស្រាវជ្រាវ​អ្នក​ដែល​ទៅ​ធ្វើការ​នៅ​កន្លែងមាន​ហានីភ័យ​ខ្ពស់​ជំងឺ​កូវីដ​១៩។

ដោយ​ក្នុងនោះ អាជ្ញាធរ​ត្រូវ​ណែនាំ​គួរ​កុំ​ឲ្យ​ពួក​គាត់​ត្រឡប់​មកផ្ទះ ដោយ​គួរ​សួរ​សុខទុក្ខ​គ្នា​តាម​អនឡាញ ហើយ​ប្រសិន​បើ​ពួកគាត់​មក​ដល់​ភ្លាម គឺត្រូវ​គ្រប់គ្រង និង​ដាក់​ឲ្យ​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ព្រមទាំង​រាយការណ៍​មក​គ្រូពេទ្យ ដើម្បីយកសំណាក​ទៅធ្វើតេស្ត។

ហើយ​ចំពោះបងប្អូន​ដែលនៅ​ក្រៅ​មូលដ្ឋានចង់អញ្ជើញមក​ក្នុង​គោល​បំណង​ធ្វើ​បុណ្យ​ទាន​ពេល​ចូលឆ្នាំថ្មី អាជ្ញាធរ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំសង្កាត់ ត្រូវ​ណែនាំ​តាម​រយៈបងប្អូនសាច់ញាតិ​ក្នុង​ដែន​សមត្ថកិច្ច​ជាមុន ដោយ​គួរ​ពុំ​ចាំបាច់អញ្ជើញ​មក​ឆ្នាំនេះ ដោយ​ធ្វើ​បុណ្យ​ទាន​តាមវិធីផ្សេងៗ​ដូចជា ផ្ញើថវិកា​ឲ្យ​សាច់ញាតិ​ក្នុង​ភូមិ​ធ្វើបុណ្យ​ជំនួស​ជាដើម តែក្នុងករណីពួកគាត់អញ្ជើញមក ត្រូវ​មកមនុស្ស​តិច រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បានល្អ, ពាក់ម៉ាស់ វាស់កំដៅ និង​ត្រូវ​ចាត់​ឲ្យ​ក្រុម​ការងារតាមកន្លែងនីមួយៗ​កត់ឈ្មោះ អាសយដ្ឋាន​អ្នក​ចម្ងាយ​ឲ្យ​បានគ្រប់ៗគ្នា។

ជាមួយ​គ្នា​នេះដែរ សម្រាប់ប្រជាពលរដ្ឋ​ក្រៅមូលដ្ឋាន ដែលមាន​គោលដៅ​ដើរ​ទេសចរណ៍​កម្សាន្ត ឬមក​ធ្វើបុណ្យ​ចូលឆ្នាំ អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​កន្លែង​នោះ ត្រូវ​គ្រប់គ្រង​ភ្លាម ដោយ​ធ្វើ​សម្ភាសន៍​ពីកន្លែងរស់នៅ និង​ទីកន្លែង​ដែលទៅដល់ និង​ចាត់បញ្ជូនទៅមណ្ឌលធ្វើ​ចត្តាឡីស័ករបស់ខេត្ត ហើយ​ករណី​រឹងទទឹង ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ស្រប​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close