ភ្លៀង​ផ្គរ​រន្ទះ ទឹក​ជំ​នន នៅ​ប្រទេស​ជាច្រើន ក្នុង​តំបន់​អាស៊ាន​

ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ដើមខែ​មេសា​ឆ្នាំ​២០២១ មាន​ភ្លៀង​ផ្គរ​ន្ទះ គ្រប់​ដណ្តប់​នៅ​ប្រទេស​ជាច្រើន ក្នុង​តំបន់​អាស៊ាន ក្នុងនោះ​មាន​ប្រទេស ឥណ្ឌូនេស៊ី ទី​ម័​រ ថៃ ជាដើម​។​ ​មនុស្ស​ជាង ៧០​នាក់​បាន​បាត់​បង់ជីវិត និង​រាប់សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​វាយប្រហារ​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ទី​ម័​រ​ខាងកើត ដែល​ស្ថិតនៅ​ជិតខាង​គ្នា​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី លោក រ៉ា​ទិ​ត្យា ដ្យា​ទី (Raditya Djati) បាន​គូស​បញ្ជាក់ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​ថា «​អ្នកស្លាប់​សរុប​មាន​ចំនួន ៥៥​នាក់ ប៉ុន្តែ​ច្បាស់​ណាស់​ថា ចំនួន​នេះ​នឹងមាន​ការផ្លាស់ប្តូរ ខណៈ​មនុស្ស ៤២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ​»​។​

​ដោយឡែក​សម្រាប់​ប្រទេស​ទី​ម័​រ​ខាងកើត​វិញ មនុស្ស​សរុប ២១​នាក់​បាន​បាត់​បង់ជីវិត​។ គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ បាន​បំផ្លិចបំផ្លាញ​កោះ​ជាច្រើន លាតសន្ធឹង​ពី​កោះ ហ្វ្ល័​រស៍ (Flores) នៃ​ប្រទេស​ឥណ្ឌូណេស៊ី រហូតដល់​ប្រទេស​ទី​ម័​រ​ខាងកើត ជាទី​ដែល​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​ត្រូវបាន​ជន់​លិច និង​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​។​

​ចំណែក​នៅក្នុង​ប្រទេស​ថៃ​វិញ នាយកដ្ឋាន​ការពារ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រាយការណ៍​ឱ្យដឹងថា ព្យុះ​ផ្គរ​រន្ទះ ខ្យល់​បក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បំ​ផ្លិ​ញ​បំផ្លាញ​ផ្ទះសម្បែង​សរុប​ចំនួន​៣,៨០០​ខ្នង នៅក្នុង​ខេត្ត​ចំនួន​៣៤​នៃ​ប្រទេស​ថៃ ដោយមាន​ស្ដ្រី​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​០៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ផងដែរ​។​

​បើតាម​នាយកដ្ឋាន​ការពារ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ថៃ ផ្ទះសម្បែង​ចំនួន​២,៩០០​ខ្នង បាន​រង​ការខូចខាត​យ៉ាងខ្លាំង នៅក្នុង​ខេត្ត​ចំនួន​១១ នៅ​ភាគ​ខាងជើង ដែល​ក្នុងចំណោម​នោះ ខេត្ត Pichit, Phitsanulok, Sukhothai និង Nan សុទ្ធតែជា​ខេត្ត​រងគ្រោះ​ខ្លាំង​បំផុត​។ រីឯ​ខេត្ត Nakhon Ratchasima ភាគ​ឦ​សាន្ត ក៏បាន​រង​ការខូចខាត​យ៉ាងខ្លាំង​ផងដែរ បន្ទាប់​មានផ្ទះ​សម្បែង​៣០០​ខ្នង​រង​ការខូចខាត ហើយ​បន្ទាប់មកទៀត​គឺ​ខេត្ត Surin​។​

​ស្ត្រី​ម្នា​ក់នៅ​ស្រុក Muang ខេត្ត Nan បាន​ស្លាប់បាត់​បង់ជីវិត ខណៈ​មែកឈើ​មួយ​បាន​បាក់​រលំ​សង្កត់​លើ​រថយន្ត​របស់គាត់​។ ចំណែកឯ ០៥​នាក់​ផ្សេងទៀត បាន​រងរបួស​នៅ​ខេត្ត Nan, Surin និង Pichit​។​

​គួរ​បញ្ជាក់ថា តំបន់​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​ថៃ បាន​រង​ការវាយប្រហារ​ដោយសារ​ព្យុះ ចាប់តាំងពី​ចុងខែ​មីនា​មក ហើយ​នាយកដ្ឋាន​ឧតុនិយម​ថៃ បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ស្ថានភាព​អាកាសធាតុ​បែបនេះ នឹង​បន្ត​រហូតដល់​ថ្ងៃ​អង្គារ​ស្អែក ៕

 

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close