នី​ហ្សេ​រី​យ៉ា​៖ ក្រុម​ឧទ្ទាម​វាយប្រហារ​មន្ទីរឃុំឃាំង អ្នកទោស​ជិត​២០០០​នាក់​បាន​រត់ចេញ​

សារព័ត៌មាន BBC បាន​ដកស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​ដែល​បានឱ្យដឹងថា ក្រុម​ឧទ្ទាម​បាន​ប្រើប្រាស់​រំសេវ​បំផ្ទុះ​បំផ្លាញ​ទីតាំង​រដ្ឋបាល​នៅ​មន្ទីរឃុំឃាំង Owerri នា​ព្រឹក​ថ្ងៃទី​៥ ខែ មេសា​(​ពេលវេលា​ក្នុង​តំបន់​)​។ ខ្មាន់កាំភ្លើង​បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ រួមទាំង​កាំភ្លើង​ប្រឆាំង​រថក្រោះ កាំភ្លើងយន្ត រំសេវ​ផ្ទុះ …​វាយប្រហារ​ទៅលើ​ទីតាំង​មន្ទីរឃុំឃាំង​ខាងលើ​។​

​មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​បានឱ្យដឹងថា មាន​អ្នកទោស​១៨៤៤​នាក់​បាន រត់​ចេញពី​មន្ទីរឃុំឃាំង ។ ក្នុងចំណោម​អ្នកទោស​ទាំងអស់​មានតែ​៣៥​នាក់​ប៉ុណ្ណោះ​ដែល​សម្រេច​មិន​រត់ចេញ ហើយ​មាន​អ្នកទោស​៦​នាក់​បាន​វិល​ត្រឡប់មក​មន្ទីរឃុំឃាំង​វិញ​។​
​
កម្លាំង​សន្តិសុខ​បានឱ្យដឹង​ដែរ​ថា ក្រុម​ឧទ្ទាម​បំបែក​រដ្ឋ​គឺជា​អ្នក​វាយប្រហារ ប៉ុន្តែ​ក្រុម​នេះ​បាន​បដិសេធថា​ពួកខ្លួន​មិនមាន​ការជាប់​ពាក់ព័ន្ធ​នោះឡើយ​។ ប្រធានាធិបតី Muhammadu Buhari បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​សកម្មភាព​វាយប្រហារ​ភេរវកម្ម ហើយ​ពេលនេះ​កម្លាំង​ទាហាន​បាន​ស្វែង​ចាប់ខ្លួន​ជនដៃដល់​និង​អ្នកទោស​ដែល​បាន​រត់គេចខ្លួន​។​

​រដ្ឋ Imo តាំងពីដើម​មក​គឺជា​ភូមិសាស្ត្រ​គ្រប់គ្រង​ដោយ​ក្រុម​ទាមទារ​បំបែក​រដ្ឋ ។ ចាប់តាំងពី​ខែមករា​មក ទីតាំង​កម្លាំង​ប៉ូលិស និង​មធ្យោបាយ​ធ្វើដំណើរ​តែង​បាន​រង​ការវាយប្រហារ​ដុតបំផ្លាញ​ជាច្រើន ហើយ​គ្រាប់រំសេវ អាវុធ​ជាច្រើន​របស់​ក្រុមប៉ូលិស​ត្រូវ​ក្រុម​ឧទ្ទាម​ដណ្តើមយក​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close