ក្រសួងពាណិជ្ជកម្ម បិទយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ (ស៊ីណូវ៉ាក់) លើកទី១ ជូនមន្ត្រីរាជការក្រោមឱវាទ

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីបិទ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ (ស៊ីណូវ៉ាក់) លើកទី១ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជូនមន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួន ១៣៦៤នាក់ តាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីចូលរួមការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្សដែលជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់បានរាប់សិបលាននាក់ទៅហើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ មន្ត្រីរាជការក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជួរមុខ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ ត្រូវបន្តតាមដានពិនិត្យសុខភាព ត្រៀមលក្ខណៈដើម្បីចាក់លើកទី២ និងត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការ បីកុំ និងបីការពារ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។