បាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយចុះលេងទឹកសមុទ្រនៅឆ្នេរសមុទ្រកន្ទុយនាគ
សមត្ថកិច្ចក្រុងព្រះសីហនុបានឲ្យដឹងថា ជនជាតិចិនម្នាក់បានបាត់ខ្លួន ក្រោយពីបានចុះទៅងូតទឹកសមុទ្រត្រង់ចំណុចឆ្នេរកន្ទុយនាគ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីព្រលប់ថ្ងៃទី១៩ កក្កដា ម្សិលមិញនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនដែលបានបាត់ខ្លួននោះ ឈ្មោះ LIU QIANG ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែន លេខ E68478103 មានមុខរបរជាកម្មករសំណង់។
តាមមិត្តភក្តិរបស់ជនបាត់ខ្លួនជាជនជាតិចិនបានថ្លែងថា ពួកគេមានគ្នា៥នាក់ នៅវេលាកើតហេតុខាងលើ បានមកលេងទឹកនៅឆ្នេរកន្ទុយនាគនេះ តែមួយសន្ទុះក្រោយមក ជនរងគ្រោះក៏បានរសាត់ឆ្ងាយពីក្រុមប្រមាណ៣ម៉ែត្រ ដោយទឹករលកអូសទៅ។ ភ្លាមនោះ ពួកគេក៏បានរត់រកពោងដើម្បីជួយ តែមិនដល់១នាទីផង ក៏បាត់ជនរងគ្រោះតែម្តង។
ក្រោយមក កម្លាំងនគរបាលប្រចាំការតំបន់នោះបានទំនាក់ទំនងជាមួយក្រុមម៉ូតូទឹកចំនួន2គ្រឿង មកធ្វើការរុករកទីតាំងដែលជនរងគ្រោះលង់ទឹកនោះក៏ពុំបានរកឃើញ។
យោងតាមសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា មកទល់នឹងវេលាម៉ោងប្រមាណ១១ថ្ងៃទី២០ កក្កដា នេះ សាកសពជនរងគ្រោះត្រូវបានគេរកឃើញហើយនៅខាងមុខឆ្នេរសណ្ឋាគារសុខាខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។