លោក សុខ ចាន់ផល ៖ «ការងារនិពន្ធមិនអាចក្លាយជាអ្នកមានទេ តែវាមានតម្លៃលើសពីការក្លាយជាអ្នកមាន»
លោក សុខ ចាន់ផល អ្នកនិពន្ធល្បីឈ្មោះបានសម្ពោធជាផ្លូវការ សៀវភៅប្រលោមលោកមួយមានចំណងជើងថា «សង្សារ១៤ថ្ងៃ» ជាស្នាដៃក្រោយគេរបស់លោក ក្នុងនោះមានការរៀបចំកម្មវីធីមួយជាមួយនឹងការសម្ពោធនោះគឺកម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ» ជាវេទីកាពិភាក្សាស៊ីជម្រៅចំពោះស្នាដៃនិពន្ធ រួមជាមួយអ្នកនិពន្ធល្បីឈ្មោះបីរូបទៀត មានដូចជាលោក យូ សុភា លោក សួង ម៉ាក កញ្ញា គីម ឌីណា កញ្ញា សែត ហត្ថា(កូនចាបមាស) នៅសាកលវិទ្យាល័យ Zaman កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ។
លោក សុខ ចាន់ផល ក៏បានបកស្រាយពីចំណុច សម្រាប់សំណួរមួយទៀតដែលត្រូវបានគេចោទសួរដែរនោះ តើអ្នកនិពន្ធអាចក្លាយជាអ្នកមានដែរឬទេ ? សំណួរនេះហាក់ចាក់ដោតបន្តិច ប៉ុន្តែយ៉ាងណាលោក សុខ ចាន់ផល បានឆ្លើយយ៉ាងក្បោះក្បាយថា ៖ «ជាចម្ងល់របស់ខ្ញុំដែរ ព្រោះតែគិតថា អ្នកនិពន្ធអាចសរសេរសាច់រឿងរបស់តួអង្គក្នុងឋានៈផ្សេងៗ ពីការតស៊ូ ពីទ្រឹស្តីជីវិត អ៊ីចឹងពួកគេគួរតែយល់ដឹង និង អាចធ្វើបានដោយខ្លួនឯងដែរហើយ ។ ទោះជាយ៉ាងណាតាមផ្លូវនៃការងារដែលខ្ញុំស្រឡាញ់មួយនេះ ខ្ញុំបានរកឃើញនូវតម្លៃជាច្រើន ដែលលើសពីតម្លៃនៃទ្រព្យសម្បត្តិ ឬ ជីវភាពជាអ្នកមាន ។
ការតែងនិពន្ធពិតជាជួយមនុស្សម្នា ជួយសង្គមជាតិ ឬក៏ជួយពិភពលោកនេះបាន ។ ពេលដើរដល់ចំណុចនេះ ខ្ញុំក៏លែងខ្វល់ខ្វាយ ឬ ឱ្យតម្លៃលើរបស់ដែលត្រឹមតែបន្ថែមនូវភាពអាត្មានិយមឱ្យខ្លួនឯងតទៅទៀត ។
គោលដៅរបស់ខ្ញុំមិនមែនជាកន្លែងនៃទឹកប្រាក់ ឬ ទ្រព្យសម្បត្តិ មិនមែនជាកន្លែងកិត្តិយស ឬ បុណ្យស័ក្តិ មិនមែនជាកន្លែងនៃភាពស្រណុកស្រួល… ឆាកជីវិតជាឱកាស ហើយគោលដៅរបស់ខ្ញុំគឺដើររកកន្លែងដែលធ្វើឱ្យខ្ញុំក្លាយជាខ្លួនខ្ញុំកាន់តែច្បាស់ និង ជាកន្លែងដែលខ្ញុំអាចជួយអ្នកដទៃបានកាន់តែច្រើន ។ ខ្ញុំជាអ្នកក្រទ្រព្យសម្បត្តិម្នាក់ ប៉ុន្តែខ្ញុំតែងតែរវល់ធ្វើកិច្ចការជាច្រើន ដែលធ្វើឱ្យខ្ញុំគ្មានពេលគិតដល់មាន ឬ ក្រ ។ ពេលនេះខ្ញុំមិនឱ្យតម្លៃទៅលើឋានៈជាអ្នកមាន ឬ អ្នកក្រឡើយ ។
ខ្ញុំឱ្យតម្លៃលើពេលវេលាដែលខ្លួនមាន ថាតើត្រូវធ្វើអ្វីខ្លះដើម្បីចូលរួមកសាងសង្គមជាតិ និង ថែរក្សាពិភពលោកនេះ ។ ខ្ញុំធ្លាប់ជាមនុស្ស ចង់ក្លាយជាអ្នកមានដែរ ដែលហេតុផលព្រោះតែខ្ញុំចង់ស្រណុកស្រួល មិនបាច់ធ្វើការងារនឿយហត់ តែពេលនេះខ្ញុំប្តូរជាយោបល់ថា បើមិនធ្វើការគឺស្តាយពេលវេលាណាស់» ។
គួរឱ្យដឹងដែរថា លោក សុខ ចាន់ផល មិនត្រឹមតែបញ្ចេញស្នាដៃខ្លួនជាប្រភេទប្រលោមលោក «សង្សារ១៤ថ្ងៃ» ប៉ុណ្ណោះទេ ប៉ុន្តែស្នាដៃនេះទៀតសោត លោកក៏បានឈានដល់ការផលិតជាខ្សែភាពយន្តខ្នាតធំថែមទៀត ដែលមកដល់ពេលនេះបានដំណើរការថតជិតចប់ជាស្ថាពរហើយ និង គ្រោងដាក់បញ្ចាំងឆាប់ៗនេះផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។