អ្នកជំនាញ ថា វីរុសកូវីដ១៩បំប្លែងថ្មី កំពុងឆ្លងយ៉ាងរហ័ស នៅទីក្រុងបាងកក ប្រទេសថៃ
ថៃ៖ ក្រុមអ្នកជំនាញផ្នែកមេរោគនៅថ្ងៃពុធនេះបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងខ្លួនមានប្រភពដើមពីចក្រភពអង់គ្លេស ដែលរីករាលដាលយ៉ាងឆាប់រហ័ស គឺជាភ្នាក់ងារបង្កការឆ្លងជាចង្កោម ដែលត្រូវបានគេរកឃើញនៅតាមកន្លែងកម្សាន្តនានាទូទាំងទីក្រុងបាងកក ប្រទេសថៃ ។
ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្ត្រ នៅសកលវិទ្យាល័យ ឈូឡាឡុងកន (Chulalongkorn) របស់ថៃ លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) បាននិយាយនៅក្នុងសន្និសីទកាសែតមួយ នៅឯក្រសួងសុខាភិបាលសាធារណៈថា ប្រសិនបើអាចធ្វើទៅបាន… យើងមិនគួរមានការធ្វើដំណើរ ឬចលនាណាមួយទេនាពេលឥឡូវនេះ… បើសិនជាមិនអាច ត្រូវតែមានវិធានការរឹតត្បិតដើម្បីគ្រប់គ្រងជំងឺនេះ។ បន្ថែមលើនេះ លោកវេជ្ជបណ្ឌិតក៏បានព្រមានប្រឆាំងនឹងការធ្វើដំណើរដែលមិនចាំបាច់ ក្នុងអំឡុងពេលនៃរដូវបុណ្យចូលឆ្នាំ ដោយលោកបានប៉ាន់ស្មានថា ចំនួននៃការឆ្លងថ្មីអាចហក់ឡើងខ្ពស់ ។
បច្ចុប្បន្ន ភាគច្រើននៃករណីឆ្លងថ្មីពាក់ព័ន្ធនឹងមនុស្សវ័យក្មេងគឺមិនបញ្ចេញរោគសញ្ញាទេឬបញ្ចេញរោគសញ្ញាតិចតួច ដែលជាហេតុធ្វើឲ្យពិបាកបែងចែករវាងអ្នកឆ្លងនិងអ្នកមិនឆ្លង ។ ទន្ទឹមគ្នា អ្នកឯកទេសរូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជនប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។