រថយន្ត​កុងតឺន័រ ព្រលះ​ជាមួយ​ម៉ូតូ បង្ក​ជា​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងសងខាង នៅក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​កុងតឺន័រ ព្រលះ​ជាមួយ​ម៉ូតូ បាន​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅបង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ជិត ៩​យប់ ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ លើផ្លូវ​ជាតិ​លេខ​៤ ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​តាម​បាយ​ការណ៍​ពី​សមត្ថកិច្ច បាន​បញ្ជាក់ថា ហេតុការណ៍​នេះ បាន​បង្កឡើង​ដោយ រថយន្ត​កុងតឺន័រ ១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ស្លែ ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-0682 សណ្តោង​រ៉ឺម៉ក​កុងតឺន័រ ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ ១​គ្រឿង ម៉ាក HONDA C125 ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ មាន​ទិសដៅ​ស្របគ្នា រួច​អូស​ម៉ូតូ​ជាប់​ពីក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​តែម្តង​។​

​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ មួន ហ៊ាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ជាង​ទូក មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ (​រងរបួស​ស្រាល​)​។ រីឯ​អ្នកបើករថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​។

​ករណីនេះ ភ្លាមៗ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​ទាន់ពេលវេលា​។ រីឯ​វត្ថុតាង រថយន្ត និង​ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រងចាំ​ធ្វើការ​ដោះស្រាយ​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close