អាជីវករផ្សារអូរឬស្សីដែលមិនព្រមទៅធ្វើតេស្តរកកូវីដ១៩ ប្រឈមនឹងការបាត់បង់តូបលក់ដូរ
ក្នុងសេចក្តីណែនាំស្តីពីការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩នៅផ្សារអូរឬស្សីនៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការព្រមានដល់អាជីវករផ្សារអូរឬស្សី ដែលមិនព្រមទៅធ្វើតេស្តរកកូវីដ-១៩ ឬមិនអនុវត្តវិធានការចត្តាឡីស័កបានត្រឹមត្រូវ អាចបាត់បង់កន្លែងលក់ដូររបស់ខ្លួន នៅពេលដែលផ្សារបើកដំណើរការឡើងវិញ។
ការព្រមានរបស់អាជ្ញាធររាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីការឆ្លងកូវីដក្នុងផ្សារអូរឫស្សីបានកើនឡើងមិនស្រាក ដោយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់ សរុបត្រឹមរយៈពេល ៤ ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង ១០០នាក់។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ៖ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុង បរិវេណវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។