អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយ សិក្សាពីលទ្ធភាពស្ដារនិងលើកតម្លៃត្រពាំងសេសឡើងវិញ
ខេត្តសៀមរាប៖ ត្រពាំងសេស ដែលស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែរូបរាងបន្ដិចៗម្ដង ក្រោយពេលដែលអាជ្ញាធរជាតិអប្សរា សម្របសម្រួលឲ្យមានការផ្លាស់ទីតូបលក់ដូរ ចេញពីបរិវេណត្រពាំងនេះ នៅចុងឆ្នាំ២០២០។ បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ និងកែលម្អត្រពាំងសេស កំពុងដំណើរការ ហើយអ្នកបុរាណវិទ្យាកំពុងធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាពីលទ្ធភាពបន្ថែមទៀតក្នុងការស្ដារ និងលើកតម្លៃត្រពាំងបុរាណនេះឡើងវិញ។
លោក ធឿន សុខុន មន្ត្រីបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឲ្យដឹងថា ក្រុមការងារកំណាយរបស់លោក បានរកឃើញសណ្ឋាននៃទំនប់ត្រពាំងសេស ដូចជាមានស្រទាប់ច្រើនថ្នាក់ដែលរៀបចំក្នុងរចនាសម្ពន្ធរបស់ទំនប់។ ក្រុមការងាររបស់លោក សុខុន បានបើករណ្ដៅកំណាយចំនួន១១ទីតាំង និងបានប្រទះឃើញកុលាលភាជន៍មួយចំនួន ក៏ដូចជាបានឃើញនូវរចនាសម្ពន្ធទំនប់ជុំវិញត្រពាំងកាន់តែច្បាស់។
លោករៀបរាប់ថា ទំនប់នេះត្រូវបានគេលើកដីព័ទ្ធជុំវិញ បន្ទាប់មកយកដីឥដ្ឋចេញ រួចចាក់ដីខ្សាច់លាយគ្រួសបាយក្រៀម បន្ទាប់មកប្រើដីឥដ្ឋជាស្នួលដើម្បីឲ្យទំនប់នៅយូរអង្វែង ហើយក្រោយមកទៀតប្រើខ្សាច់មួយស្រទាប់ និងបុកបង្ហាប់ដោយប្រើកម្ទេចកថ្មបាយកក្រៀមលាយដីឥដ្ឋ។
តាមការបញ្ជាក់របស់លោក ធឿន សុខុន អាជ្ញាធរជាតិអប្សរាមានគម្រោងស្ដារត្រពាំងសេសឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីស្ដុកទឹកបានច្រើនជាងពេលមុន ទុកជាប្រយោជន៍ទាំងការងារអភិរក្សប្រាសាទ និងប្រយោជន៍ប្រជាពលរដ្ឋជុំវិញតំបន់។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និយាយថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំដាំស្មៅ និងដើមឈើជាបណ្ដើរៗជុំវិញត្រពាំងសេសនេះ ដែលតាមគម្រោងគឺរៀបចំលើផ្ទៃដីសរុបជាង៣ម៉ឺនម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ ការងារបានដំណើរការបានប្រមាណ៤០ភាគរយហើយ។
គម្រោងដែលចាប់ផ្តើមពីដើមខែ កុម្ភៈមកនេះ រៀងយឺតយ៉ាវបន្ដិច ដ្បិតថាការងារនៅជុំវិញត្រពាំងសេសដែលជាអតីតតូបលក់ដូរ និងធ្លាប់មានរថយន្តបើកបរបណ្ដាលឲ្យដីរឹង មានថ្មច្រើន ធ្វើឲ្យក្រុមការងាររៀបចំសួនត្រូវប្រើពេលយូរ និងលំបាកក្នុងការធ្វើដី។ លោក ជូ រ៉ាឌីណា បន្ថែមថា មួយវិញទៀតបរិវេណត្រពាំងសេសជាបុរាណដ្ឋាន ដែលត្រូវធ្វើកំណាយសិក្សាជាមុន ទើបអាចរៀបចំអ្វីផ្សេងៗបាន ដូច្នេះក្រុមការងាររបស់លោកនឹងពន្លឿនការងាររៀបចំសួន ក្រោយពេលក្រុមបុរាណវិទូសិក្សារួច។
គួរបន្ថែមថា ក្នុងផែនការការងារឆ្នាំ២០២១នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ គ្រោងរៀបចំនិងកែលម្អបរិស្ថាននៅតំបន់មួយចំនួនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលក្នុងនោះរួមមាន នៅប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល ច្រកសំពៅលូន ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយក្ដី ប្រាសាទបាគង និងទីតាំងមួយចំនួនទៀត ក្នុងន័យលើកតម្លៃបរិស្ថាន សោភ័ណភាពក្នុងតំបន់ប្រាសាទឲ្យកាន់តែល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។