ឯកឧត្តម វេង សាខុន ស្នើឲ្យJICA ជួយដល់ប្រព័ន្ធខ្សែច្រវាក់រក្សាផលិតផលកសិកម្ម ឲ្យរក្សាទុកបានយូរក្នុងទូត្រជាក់
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់គម្រោង ដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រីនាយិកា និងសមាជិកក្រុមការងារបច្ចេកទេស ដែលបានខិតខំបំពេញ ការងារយ៉ាងស្វិតស្វាញសម្រេចបានលទ្ធផលដែលយើងនឹងពិនិត្យ និងវាយតម្លៃរួមគ្នាក្នុងពេលបន្តិចទៀតនេះ។ សកម្មភាពនេះបាន បង្ហាញពីការចូលរួមទទួលខុសត្រូវលើការអនុវត្តគម្រោងដែលទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ធានាបាននូវសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។
កិច្ចប្រជុំបានដំណើរការតាមកម្មវិធី ដោយបានលើកយកលទ្ធផលរបស់គម្រោងនីមួយៗ និងបញ្ហាសំខាន់ៗមកពិនិត្យ វាយតម្លៃ និងពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗក្នុងន័យធ្វើយ៉ាងណាឲ្យសកម្មភាពរបស់គម្រោងរក្សាបាននូវនិរន្តរភាព ជោគជ័យ ស្របទៅតាមបរិបទនៃស្ថានភាពបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រចំពោះលទ្ធផលដែលក្រុមការងារសម្រេចបាន និងលើកទឹកចិត្តដល់ក្រុមការងារឲ្យបន្តខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគម្រោងមានឥទ្ធិពលកាន់តែទូលំទូលាយដល់ថ្នាក់មូលដ្ឋាន ជាពិសេសវារីវប្បករ កសិករ និងសមាគមន៍កសិកម្មផលិតពូជស្រូវ ដំឡូងមី ទទួលយកទៅអនុវត្តបានល្អប្រសើរ ប្រយោជន៍ចូលរួមលើកកម្ពស់ផលិតភាព ផលិតកម្មពូជ វារីវប្បកម្ម ធានាបានគុណភាព និងសុវត្ថិភាព។
ព្រមជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យ JICA ពិនិត្យលទ្ធភាពជួយដល់ប្រព័ន្ធខ្សែច្រវាក់រក្សាផលត្រី និងបន្លែក្នុងទូត្រជាក់ ដើម្បីរក្សាទុកផលិតផលបានយូ ជាពិសេសជួយដល់សមាគមន៍ផលិតបន្លែ ឬបណ្តុំអាជីវកម្មបន្លែ និងត្រីនៅខេត្តគោលដៅរបស់គម្រោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។