៣ខែ ដើមឆ្នាំនេះ! អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ថយចុះ៥០ភាគរយ ក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ រយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មានចំនួនសរុប១៣នាក់ ថយចុះ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០ នេះបើតាមរបាយការណ៍ សកម្មការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។
តាមរបាយការណ៍ ក្នុងត្រីមាសទី១ដើមឆ្នាំនេះ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួនសរុប ១១ករណី ថយចុះ ០៧ករណី និងរបួសធ្ងន់ស្រាលសរុបចំនួន ១៤នាក់ ថយចុះ ១៥នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ ភាគច្រើនបង្កដោយអ្នកបើកបរយានយន្តបើកលើសល្បឿនកំណត់ និងបើកបរមិនប្រកាន់ស្ដាំ។
លោក ហូ សម័យ អនុប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបង្ហាញថា ជាមធ្យម ប្រជាពលរដ្ឋខ្មែរ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ក្នុងមួយថ្ងៃ នេះជាបញ្ហា ដែលប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។