អ្នកចាក់វ៉ាក់សាំងលេខរៀងទីមួយលាន ទទួលបានអំណោយ ៥លានរៀល ពីសម្តេចតេជោ
គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រកាសថា គេបានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដោយនឹងទទួលបានអំណោយជាទឹកប្រាក់ចំនួន ៥លានរៀលពីសម្តេច នាយករដ្ឋមន្រ្តី។
អ្នកចាក់វ៉ាក់សាំងលេខរៀងទី១លាននេះ គឺមានឈ្មោះ ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ មានមុខរបរ: លក់ដូរតាមហាង បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងនាំយកថវិកាចំនួន ៥លានរៀលនេះ ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។