ឥណ្ឌូណេស៊ី បង្កើនការជួយសង្គ្រោះនៅកោះជ្វា ក្រោយគ្រោះរញ្ជួយដី ស្លាប់មនុស្ស ៨នាក់
ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានបញ្ជាអោយមានការខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីមានមនុស្ស៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីមួយបានវាយប្រហារនៅកោះជ្វាភាគខាងត្បូង ។
លោក ចូកូ វីដូដូ បានថ្លែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយថា ខ្ញុំបានចេញបញ្ជាភ្លាមៗ អោយមានការឆ្លើយតបជាបន្ទាន់ ដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកជនរងគ្រោះដែលជាប់ក្រោមផ្ទាំងថ្មដែលបាក់រលំ និងជួយព្យាបាលដល់អ្នកដែលរងរបួស ។
គ្រោះរញ្ជួយដីក្នុងកម្រិត៥,៩រ៉ិកទ័របានវាយប្រហារកោះជ្វារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដោយបានបំផ្លាញអាគាររាប់រយកន្លែងនៅក្នុងទីក្រុងជាច្រើន ។ គ្រោះរញ្ជួយដីនេះ បានបង្កការញ័ររញ្ជួយនៅម៉ោង២រសៀល ធ្វើអោយកក្រើកទូទាំងខេត្តជ្វាខាងកើត ដែលមានមនុស្ស៤០,៧លាននាក់រស់នៅ និងបណ្តាខេត្តជុំវិញ រួមទាំងកោះបាលីផងដែរ ។
សូមជម្រាបផងដែរថា ឥណ្ឌូណេស៊ីជាប្រទេសមួយដែលស្ថិតនៅលើតំបន់ខ្សែ ក្រវាត់ភ្លើង (Ring of fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម ។ ហេតុដូច្នេះហើយ ប្រធានាធិបតីឥណ្ឌូណេស៊ីបានណែនាំអោយប្រជាជនខ្លួនគួរតែមានការប្រុងប្រៀបខ្លួនជានិច្ច ចំពោះការវាយប្រហារពីគ្រោះមហន្តរាយធម្មជាតិ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។