ទឹកទន្លេសេកុងឡើងជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន អាជ្ញាធរបន្តជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា គិតត្រឹមម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង បានកើនឡើងដល់កម្ពស់ ១១,៤២ ម ហើយ ដែលជិតដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ។
ជាមួយនឹងការបន្តកើនឡើងនូវកម្ពស់ទឹកនេះ អាជ្ញាធរខេត្តស្ទឹងត្រែង ក៏កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាពដែរ។
បើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក នៅរសៀលថ្ងៃនេះ ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋមួយចំនួនដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរួមមានភូមិសរុបចំនួន ១៧ ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។