អាជ្ញាធរ​ជាតិ​អប្សរា ព​ន្លឿ​ន​ការជួសជុល​ខឿន​ជ្រុង​និរតី នៅ​រួត​ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត ឱ្យ​រួចរាល់មុន​ខែវស្សា​មកដល់!​

​ខេត្តសៀមរាប​៖ ទិសនិរតី រួត​ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ បានចាប់ផ្តើម​ជួសជុល​តាំងពី​ខែមករា ដើមឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ​សម្រេចបាន​៣០​ភាគរយ​ហើយ​។​

​កញ្ញា ម៉េង សុវណ្ណ​លី​លីន ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ក្រុមការងារ​ជួសជុល​រួត​ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត បានឱ្យដឹងថា ការងារ​ជួសជុល​នៅ​ប្រាសាទ​បា​យ័ន្ត មាន​៤​គម្រោង​ធំៗ ក្នុងនោះ​រួមមាន ទី​១ ជួសជុល​ជ្រុង​និរតី រួត​ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត​បាន​៣០​ភាគរយ​។ ទី​២ ទល់​ទ្រ​ផ្តែរ​ហោរ​ជាង​ដែល​ពុំមាន​សរសរ​ពេជ្រ​សម្រាប់​ទ្រ​លំនឹង ដំបូល និង​ធ្នឹម​រលុះ​ធ្លា​ក់បាន​៩០​ភាគរយ​។ ទី​៣ រៀបចំ​បិទ​ភ្ជិត​តាម​ប្រហោង​ថ្ម និង​សម្រួល​ថ្ម​រដិបរដុប​មិន​រាបស្មើ​បាន​៨០​ភាគរយ និង​ទី​៤ តម្លើង​ជណ្តើរ​គ្រោង​ដែក​ដើម្បី​សម្រួល​ដល់​សៀគ្វី​ទស្សនា​ប្រាសាទ​សម្រេចបាន​១០០%​ហើយ​។​

​អ្នកជំនាញ​រូបនេះ​បញ្ជាក់ថា ដោយ​កៀក​នឹង​ខែវស្សា​ខិតចូល​ជិត​មកដល់ ដូចនេះ ក្រុមការងារ​នឹង​ខិតខំ​ព​ន្លឿ​ន​ការ​រើ​ថ្ម និង​រៀប​ទៅវិញ យ៉ាងយូរ​ឱ្យ​រួចរាល់​នៅ​ខែមិថុនា​ខាងមុខ​។ ដោយឡែក​ការជួសជុល​កម្រាល​អាច​បន្ត​ក្នុង​រយៈពេល​ប្រមាណ​៣​ខែ​បន្តទៀត​នឹង​បញ្ចប់​ទាំងស្រុង​។​

​កញ្ញា លី​លីន បានដឹង​ទៀតថា​ផល​លំបាក​ចំពោះ​ការងារ​ជួសជុល​នេះ​គឺ​ទីធ្លា​មាន​ភាព​តូចចង្អៀត ពិបាក​ក្នុងការ​រើ​ថ្ម និង​ត្រូវ​ការប្រើ​កម្លាំង​ពលកម្ម​មនុស្ស​ទាំងស្រុង​ក្នុងការ​រើ​ថ្ម​។ ដូច្នេះ ក្រុមការងារ​បាន​ប្រើ​បន្ទះ​កៅស៊ូ​ក្រាល​លើ​កម្រាល​ថ្ម​ដើម្បី​ធ្វើ​ដាក់​ថ្ម​ដែល​រើ ចៀសវាង​ការ​ប៉ះ​ថ្ម​នឹង​ថ្ម​ដោយផ្ទាល់ អាច​បណ្តាលឱ្យ​ខូច​ផ្ទៃ​ថ្ម​។ ម្យ៉ាងទៀត​បើ​មាន​ភ្លៀង​ធ្លាក់ ឬ​រដូវវស្សា​មកដល់ គឺ​ពិបាក​ក្នុងការ​ជួសជុល​។​

​រចនា​សម្ពន្ធ​ខឿន​នៅ​រួត​ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត​នេះ រង​ការខូចខាត​ដោយសារ​កត្តា​អាកាសធាតុ ដើមឈើ ជាពិសេស​កត្តា​ទឹកបាន​ហូរ​ច្រោះ​ចូល​រចនា​សម្ពន្ធ​ដែល​នាំយក​ល្បាយខ្សាច់​ចេញ​នាំអោយមាន​បញ្ហា​នៅតាម​ជ្រុង​កែង​ក្រៀក​ចេញពី​គ្នា ដែល​អាច​ប៉ះពាល់​ដល់​ខឿន​រួត​ទី​៣ និង​សំណង់​ប្រាសាទ​ទាំងមូល​ផងដែរ​។​

​សូមបញ្ជាក់ថា គម្រោង​ជួសជុល​នេះ​ជា​អនុវត្ត​ផ្ទាល់​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​ការសហការ​លើ​បច្ចេក​ទស​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន JASA ប្រទេស​ជប៉ុន​។ បន្ទាប់ពី​បញ្ចប់​គម្រោង​ជួសជុល​ខឿន​ជ្រុង​និរតី​នេះ ក្រុមការងារ​នឹង​បន្តធ្វើ​ការជួសជុល​តាម​ខឿន​ដែលមាន​ហានិភ័យ​ផ្សេងទៀត និង​បន្ត​សិក្សា​ជួសជុល​ទីតាំង​ផ្សេងៗ​ទៀត ដើម្បី​រក្សា និង​ពង្រឹង​រចនា​សម្ពន្ធ​ប្រាសាទ​អោយបាន​រឹងមាំ យូរអង្វែង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close