ម៉ាឡេស៊ី អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ លើ​អ្នកមាន​វ័យ​៦០​ឆ្នាំ​ឡើង​ហើយ

​ម៉ាឡេស៊ី​៖ ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ដែលមាន​អាយុ​៦០​ឆ្នាំ និង​លើស​៦០​ឆ្នាំ​នឹងត្រូវ​ផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់បាន ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ មេសា​តទៅ ស្ថិតក្រោម​ដំណាក់​ទី​២​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ម៉ាឡេស៊ី នេះ​បើតាម​រដ្ឋមន្ត្រី សម្របសម្រួល​ការងារ​ចាក់​វ៉ាក់សាំង លោក Khairy Jamaluddin កាលពី​ថ្ងៃទី​១២ មេសា ២០២១​។​

​លោក​ថា គណៈកម្មការ​ពិសេស​ទទួលបន្ទុក​ការចាក់​វ៉ាក់សាំង​របស់​ម៉ាឡេស៊ី​បានសម្រេច​ចិត្ត​បែបនេះ ក្រោយពេល​បាន​ឈានដល់​ការពិចារណា​លើ​ទិន្នន័យ​ចុងក្រោយ​និង​ទិន្នន័យ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​បាន​បង្ហាញថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់មាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​សម្រាប់​មនុស្ស​វ័យ​៦០​ឆ្នាំ និង លើស​៦០​ឆ្នាំ​។​

​លោក​រដ្ឋមន្ត្រី​ដែល​ក៏​ជា​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​លើកឡើងថា បណ្តា​ប្រទេស​ដែល​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់លើ​ក្រុមមនុស្ស​មាន​វ័យ​៦០​ឆ្នាំ​ឡើងលើ រួមមាន តួ​ក​គី មាន​១១​លាន​នាក់ ប្រេ​ស៊ី​ល​ច្រើនជាង​៧​លាន​នាក់ ហើយ​ឈី​លី​មាន​ច្រើនជាង​៣​លាន​នាក់​។​ បើតាម​លោក​រដ្ឋមន្ត្រី ម៉ាឡេស៊ី​មាន​អ្នក​ចុះឈ្មោះ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​១៩ ចំនួន​៨​លាន​៥​សែន​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close