ផ្ទុះរលកទី៣ នៃជំងឺកូវីដ១៩ យោធាថៃ ត្រៀមរៀបចំគ្រែព្យាបាលជាង ៥ពាន់គ្រែនៅទូទាំងប្រទេស

ថៃ៖ ក្រសួងការពារជាតិនៃប្រទេសថៃបានរៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមានគ្រែអ្នកជំងឺជាង៥ពាន់គ្រែ នៅទូទាំងប្រទេស ខណៈដែលរលកទី២នៃជំងឺនេះបានផ្ទុះនៅទូទាំងប្រទេសថៃ។

ក្រសួងបានរៀបចំគ្រែព្យាបាលនៅបាងកក និងក្នុងទីតាំងផ្សេងៗទៀតក្នុងក្រុងសរុប៣១៩៥គ្រែ ខណៈដែលនៅតាមបណ្តាខេត្តមានប្រមាណ២០០០គ្រែទៀត នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ Kongcheep Tantrawanich កាលពីថ្ងៃទី១២ មេសា ២០២១នេះ។
លោកបន្ថែមទៀតថា កងទ័ពបានរៀបចំជាមន្ទីរពេទ្យ១២កន្លែង ដោយមានគ្រែព្យាបាលអ្នកជំងឺសរុប២២០០គ្រែ នៅតាមអង្គភាពរបស់ខ្លួនទូទាំងប្រទេស។ ជាមួយគ្នានេះ ទ័ពជើងទឹកបានរៀបចំ៧២៦គ្រែ ក្នុងខេត្ត Chonburi និងខេត្ត Chanthaburi ខណៈដែលកងកទ័ពអាកាសក៏បានរៀបចំមន្ទីរពេទ្យមួយ នៅខេត្ត Nakhon Pathom អាចផ្ទុកគ្រែ១០០គ្រែ។
អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីករណីឆ្លងថ្មីចំនួន៩៨៥ករណីទៀត នាថ្ងៃចន្ទនេះ ជាចំនួនឆ្លងដ៏ច្រើនបំផុតមិនធ្លាប់មាននៅប្រទេសថៃ ក្នុងឆ្នាំ២០២១នេះ។ រលកកូវីដថ្មីបានកើតឡើង កាលពីចុងខែមីនា ហើយបានចាប់ផ្តើមរាលដាលទូទាំងប្រទេស៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។