ក្នុង​ថ្ងៃ​ចូលឆ្នាំ! ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ​នៅតែ​បន្តធ្វើ​បាតុកម្ម​ប្រឆាំងយោធា​

​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែមេសា ឆ្នាំ​២០២១ ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ថ្ងៃ​អង្គារ​នេះ បាន​ប្តេជ្ញា​បន្ត​រៀបចំ​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​យោធា​ដដែល បើទោះបី​សប្តាហ៍​នេះ ត្រូវជា​ពេល​ឈប់សម្រាក​នាឱកាស​ចូល​ឆ្នាំ​ថ្មី សម្រាប់​ប្រទេស​ខ្លួន​ក៏ដោយ​។​

​ជាធម្មតា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​រយៈពេល​០៥​ថ្ងៃ នៅ​មី​យ៉ាន់​ម៉ា ដែល​គេ​ហៅថា Thingyan តែងតែ​ប្រព្រឹត្តទៅ ជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា ដែលជា​ពុទ្ធ​បរិ​ស័​ទ្ធ​នាំគ្នា​ទៅ​វត្ត​អារាម និង​ការលែង​ជះ​-​បាញ់​ទឹក​ដាក់គ្នា​យ៉ាង​សប្បាយរីករាយ​ជាដើម ពោលគឺ​មិនសូវ​ខុសពី​ប្រទេសជិតខាង​ដទៃទៀត ដូចជា​ថៃ​និង​កម្ពុជា​ជាដើម ប៉ុន្មាន​នោះទេ​។​

​យ៉ាងណាមិញ សម្រាប់​ឆ្នាំនេះ សកម្មជន​មី​យ៉ាន​ម៉ា បាន​អំពាវនាវ​ឲ្យ​ប្រជាជន រួមគ្នា​រៀបចំ​ការធ្វើ​បាតុកម្ម​ជា​និមិត្តរូប​មួយ តាំង​ពីថ្ងៃ​ចាប់ផ្តើម​នៃ​បុណ្យចូលឆ្នាំ គឺ​នៅ​ថ្ងៃ​អង្គារ​នេះ​តែម្តង​។ ទោះជា​បែបនេះ​ក្តី ក្រៅពី​សកម្មភាព​តវ៉ា ក្រុម​សកម្មជន​ក៏បាន​សុំ​ឲ្យ​មានការ​រក្សា​ភាពស្ងប់ស្ងាត់​មួយថ្ងៃ ដើម្បី​ជាការ​គោរព​ដល់​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត ក្រោម​ការបង្ក្រាប​របស់​កងកម្លាំង​សន្តិសុខ និង​មួយថ្ងៃ​ចុងក្រោយ គឺ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍ សម្រាប់​ជា​ថ្ងៃ​គោរព​សាសនា​ផងដែរ​។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំមុន បុណ្យចូលឆ្នាំថ្មី​នៅ​មី​យ៉ាន់​ម៉ា ក៏បាន​អាក់ខាន មិនអាច​ប្រារព្ធ​ឡើង​តាម​ធម្មតា​បាន​នោះដែរ ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​វិបត្តិ COVID-19៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close