ឧបករណ៍​ចាប់​ក្លិន​វីរុស​កូ​វីដ​-១៩ សំរាប់​ហ្វឹកហ្វឺន​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ មកដល់​កម្ពុជា​ហើយ​!

​ភ្នំពេញ​៖ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់ថា ឧបករណ៍​ចាប់​ក្លិន​វីរុស​កូ​វីដ​-១៩ សំរាប់​ហ្វឹកហ្វឺន​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ ដែលជា​អំណោយ​របស់​ក្រុម​ជំនាញ​ខាង​សុនខ​ហិតក្លិន ដែល​មូលដ្ឋាន​នៅ​ប្រទេស​ស្វី​ស​នោះ បាន​មកដល់​កម្ពុជា​ដោយ​សុវត្ថិភាព​។​

​ឯកឧត្តម ហេង រតនា សូម​អរគុណ​ក្រុម​ជំនាញ​សុនខ Getxent ដែល​បានផ្តល់​អំណោយ​នេះ​សំរាប់​គាំទ្រ​ក្រុមការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកទេស​សុ​នខ​ហិត​រក​អ្នក​វីរុស​កូ​វីដ​១៩​នៅ​កម្ពុជា ដែលជា​គំនិត​ផ្តួចផ្តើម​និង​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ក្នុង​គោលបំណង​ស្វែងរក​គ្រប់​បច្ចេកទេស​និង​លទ្ធភាព ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​រួច​ផុតពី​ជម្ងឺ​កូ​វីដ​១៩​។​

​កំលាំង​ជំនាញ​សុនខ​ស៊ីម៉ាក់ និង​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រួមសហការ​គ្នា​ក្នុងការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកទេស​សុ​នខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩​នេះ​។ ក្តីសង្ឃឹម គឺ​សុនខ​អាច​បញ្ជាក់​ឱ្យដឹងពី​វត្តមាន​វីរុស​ក្នុង​ខ្លួន​មនុស្ស អាច​កំណត់​មុខសញ្ញា​អ្នក​ផ្ទុក​វីរុស​មាន​ល្បឿន​លឿន និង​ជា​មធ្យោបាយ​ស្វែងរក​អ្នក​ផ្ទុក​វីរុស​ក្នុងចំណោម​នុស្ស​ច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close