ផ្ទុះ​មីនតោន សម្លាប់​បុរស​ម្នាក់​ភ្លាមៗ ខណៈ​កំពុងបើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ នៅ​ស្រុក​គាស់ក្រឡ​

​ខេត្តបាត់ដំបង​៖ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ពេល​កំពុង​ភ្ជួរដីចម្ការ​ដោយ​ត្រាក់ទ័រ ជាន់​ចំ​មីនតោន បណ្តាល​ឲ្យ​ផ្ទុះ នៅ​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

​ជនរងគ្រោះ ឈ្មោះ ស៊ឹម ស៊ូ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ែន ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ក្រោយពេល​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សាកសួរ​អា​ជ្ញា​ធរ​មូលដ្ឋាន ឬ​អ្នក​ដែល​ដឹង​ច្បាស់​អំពី​ព័ត៌មាន មុនពេល​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​រុករាន​ដី​ដែល​មិនទាន់បាន​ធ្វើការ​បោសសម្អាត​មីន និង​សូមកុំ​ប៉ះពាល់​ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close