គ.ជ.ប ប្រើឧទ្ធម្ភាគចក្រ ដឹកសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យមួយនៅស្រុកពេជ្រាដា
នៅព្រឹកមិញនេះ ឧទ្ធម្ភាគចក្រមួយគ្រឿង បានដឹកជញ្ជូនសម្ភារៈដែលបម្រើដល់ការបោះឆ្នោត ទៅកាន់ការិយាល័យមួយ ដែលស្ថិតនៅភូមិអន្រ្ទង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក គិន ជាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការិយាល័យដែលត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីដឹកសម្ភារៈបោះឆ្នោតទៅទីនោះ គឺការិយាល័យលេខ ០០៩១ ។
តាមការបញ្ជាក់របស់លោក គិន ជាន ការិយាល័យដែលត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកសម្ភារៈបោះឆ្នោតទៅនោះ គឺស្ថិតនៅជាប់ព្រំប្រទល់ខេត្តក្រចេះ ជាទីតាំងភូមិសាស្រ្តដ៏លំបាក ។
សូមបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរីនេះ គឺនៅមានទីតាំងការិយាល័យបោះឆ្នោតមួយទៀត ដែលស្ថិតនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា នឹងត្រូវគេប្រើប្រាស់សត្វដំរី ដើម្បីដឹកសម្ភារៈបោះឆ្នោតទៅកាន់ទីនោះ ដែលផ្តើមធ្វើឡើងនៅថ្ងៃទី២៨ កក្កដា ស្អែកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។