មន្ត្រីអូស្ត្រាលីចេញមុខទាត់​ចោលព័ត៌មានថា «អាមេរិកនឹង​កម្ទេចមូលដ្ឋាន​នុយក្លេអ៊ែរអ៊ីរ៉ង់​ នៅខែសីហាខាងមុខ»

វ៉ាស៊ីនតោន)៖  ដោយផ្អែកលើ​ប្រភពពីមន្ត្រីរដ្ឋាភិបាល​អូស្ត្រាលី សារព័ត៌មាន ABC​ បានចុះផ្សាយថា  សហរដ្ឋអាមេរិក​ទំនងជា​អាចនឹង​បើកការវាយប្រហារ​លើទីតាំង​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ នៅខែសីហា​ខាងមុខនេះ។ ប៉ុន្តែនាយករដ្ឋមន្ត្រី​អូស្ត្រាលី​បានច្រាន​ចោលសេចក្តីរាយការណ៍នេះ​ ។ នេះបើយោងតាមការចុះផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។

បើតាម ABC ប្រព័ន្ធការពារ​អូស្ត្រាលី រួមទាំងទីភ្នាក់ស៊ើបការណ៍​សំងាត់អង់គ្លេស ក៏អាចនឹងចូលរួម​ក្នុងការជួយកំណត់​គោលដៅ វាយប្រហារនៅលើទឹកដីអ៊ីរ៉ង់​ផងដែរ។ ទោះជាយ៉ាងណា​ក៏ដោយ នៅថ្ងៃសុក្រនេះ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) បានអះអាងថាគ្មានហេតុផលណាមួយ ឱ្យលោកជឿថា ប្រធានាធិបតីអាមេរិក​លោក ដូណាល់​ ត្រាំ បញ្ជាឱ្យកងទ័ពអាមេរិក​បើកការវាយប្រហារ​លើអ៊ីរ៉ង់​នោះទេ។

«នៅថ្ងៃនេះ​ខ្ញុំបានឃើញ​សេចក្ដីរាយការណ៍មួយ​ នៅលើកញ្ចក់ទូរទស្សន៍ ABC ដែលបញ្ជាក់ថា ទទួលបានពីមន្ត្រី​កំពូលអូស្រ្តាលី… ប៉ុន្តែវាគ្រាន់តែ​ជាចរចាមអារ៉ាម និងជាការទទួល​បានប្រភពមិន​បញ្ចេញឈ្មោះ​តែប៉ុណ្ណោះ»។ នេះគូសបញ្ជាក់​របស់លោក Malcolm Turnbull។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី២៣ ខែកក្កដា លោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់​កុំឱ្យគំរាមសហរដ្ឋអាមេរិក​តទៅទៀត បើចង់សុខខ្លួន ហើយការព្រមាន​នេះ​ទៀតសោត កើតមានឡើង​ក្រោយប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស្សាន រូហានី ព្រមានថាសង្រ្គាមជាមួយ​អ៊ីរ៉ង់​គឺជាមេនៃសង្រ្គាមទាំងអស់ ដូច្នេះទីក្រុង​វ៉ាស៊ីនតោន មិនគួរលេងជា​មួយកន្ទុយតោ​នោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close