ថ្ងៃនេះ​! រកឃើញ​អ្នក​ឆ្លង​ក្នុង​សហគមន៍​ថ្មី ២៦២​នាក់ និង​មាន​អ្នកជា​ពី​ជំងឺ​កូ​វីដ​១៩ ៧៤​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ករណី​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ក្នុង​សហគមន៍ ២៦២​នាក់​បន្ថែមទៀត ខណៈ​អ្នកជំងឺ​ចំនួន ៧៤​នាក់ ជាសះស្បើយ​។​

​ក្រសួង បញ្ជាក់ថា អ្នក​ឆ្លង​ទាំង ២៦២​នាក់​នោះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២៣២​នាក់​, ព្រះសីហនុ ១២​នាក់​, ត្បូងឃ្មុំ ២​នាក់​, តាកែវ ២​នាក់​, ស្វាយរៀង ១​នាក់​, សៀមរាប ២​នាក់​, ពោធិ៍សាត់ ២​នាក់​, ព្រៃវែង ២​នាក់​, កណ្ដាល ៤​នាក់​, កំពង់ធំ ១​នាក់​, កំពង់ស្ពឺ ១​នាក់ និង​កំពង់ចាម ២​នាក់​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង ៧៤​នាក់​វិញ គឺជា​អ្នកជា​ឆ្លង​មកពី​ក្រៅប្រទេស ២​នាក់ និង ៧២​នាក់​ទៀត ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន ២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៥ ៤៨០​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ២ ៣៩៣​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៣ ០៤៤​នាក់​, អ្នកស្លាប់​ចំនួន ៣៨​នាក់ និង​ស្លាប់​ដោយ​ជំងឺ​ផ្សេង ពេល​កំពុង​ព្យាបាល​កូ​វីដ​១៩​ចំនួន ៥​នាក់​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ គឺ​កើនឡើង ៤ ៩៣៨​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close