ជនជាតិចិនប្រើឡានពេទ្យ​ដឹកមនុស្សឆ្លង​ខេត្ត​ល្មើសនឹង​បំរាមគោចរ សមត្ថកិច្ច​ចាប់បាន​ហើយ និងត្រៀមបណ្តេញចេញពីកម្ពុជា

ជនជាតិចិនចំនួន២នាក់ ត្រូវ​បាន​កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល​ខេត្ត​កំពតធ្វើការចាប់ខ្លួន ក្រោយពីបាន​បន្លំបើករថយន្ដសង្គ្រោះបន្ទាន់ ​ឆ្លងកាត់ខេត្តកំពត ទៅខេត្តព្រះសីហនុ ដោយ​បំពានសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់មិនឲ្យមានការ​ធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត​កំពត​បាន​ថ្លែងថា ការចាប់ខ្លួនជនជាតិចិនទាំង២នាក់នេះ បានធ្វើ​ឡើង​តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ ប៉ុន្ដែនៅពេលឃាត់ខ្លួនបានគ្រាន់តែសួរនាំបឋមប៉ុណ្ណោះ ព្រោះត្រូវយកសំណាកទៅពិនិត្យជាមុនសិន ទៅបន្ដនីតិវិធីបន្ថែមទៀត។ លុះលទ្ធផលបង្ហាញថា អវិជ្ជមាន ទើបកម្លាំងនគរបាលជំនាញចាត់ការបន្ដតាមនីតិវិធី ដែលបច្ចុប្បន្ននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងផែនអន្ដោប្រវេសន៍ បានបញ្ជូនខ្លួនជនជាតិចិនទាំង២នាក់នេះ ទៅកាន់ទីស្នាក់ការត្រៀមបណ្ដេញចេញ នៅខេត្តព្រះសីហនុ ដើម្បីបណ្ដេញចេញពីកម្ពុជាតែម្ដង។

បើតាម​លោក​ស្នងការ នៅថ្ងៃកើតហេតុ ជនជាតិចិនទាំង២នាក់នេះ ព្យាយាមបើករថយន្តសង្គ្រោះបន្ទាន់ ដែលមានដាក់ឡូហ្គូ «មន្ទីរព្យាបាលចុងស៊ិន» ឆ្លងព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ហើយ​ពេលសមត្ថកិច្ចឃាត់សួរនាំ ក៏បើករថយន្តរត់ត្រឡប់មកក្រោយវិញ បន្ទាប់មកកម្លាំងជំនាញឃាត់ខ្លួនបាន នៅចំណុចផ្លូវបំបែកភ្នំបូកគោ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ជនជាតិចិនទាំង០២នាក់នេះ ទី១៖ ឈ្មោះ LI CHANGQING កាន់លិខិតឆ្លងដែនលេខ EC7645585 និងទី២៖ WANG YOUZHI កាន់លិខខិតឆ្លងដែនលេខ EE771775018៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close