សម្តេច ហ៊ុន សែន មិនអនុញ្ញាតឲ្យមានការជូនដំណើរ ពេលទៅប្រជុំអាស៊ាននៅថ្ងៃទី២៤ មេសា ទេ
ក្នុងសារជាសំឡេងជូនដំណឹងដល់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងការចូលទៅចូលរួមប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ខាងមុខ សម្តេចនឹងចុះពីឡាន រួចឡើងយន្តហោះតែម្តង ដោយមិនឲ្យមានមន្រ្តីក្នុងរាជរដ្ឋាភិបាលជូនដំណើរនោះឡើយ។
ហេតុផលដ៏ងាយយល់ សម្តេចបានបញ្ជាក់ថា ដោយសារពេលនេះ ទីក្រុងភ្នំពេញត្រូវបានបិទ ដែលហាមឃាត់មិនឲ្យមានការចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
ជាមួយគ្នានេះ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី សម្តេចនឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញភ្លាម នៅវេលាម៉ោងប្រមាណ៩យប់ ហើយពេលមកដល់ ក៏មិនតម្រូវឲ្យមានការទទួលដំណើរ ហើយក៏នឹងមិនមានការធ្វើសន្និសីទព័ត៌មានអ្វីនោះដែរ តែជំនួសទៅវិញ ដោយការយកសំណាក។
បើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន ពេលត្រឡប់មកវិញទាំងសម្តេច និងគណៈប្រតិភូ ត្រូវយកសំណាកពិនិត្យរកជំងឺកូវីដ១៩ ហើយត្រូវដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ ដើម្បីធានាថា មានសុវត្ថិភាព មិនមានជំងឺកូវីដ១៩ ហើយចម្លងទៅអ្នកដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។