ដីចំណីព្រែកមួយចំនួនក្នុងឃុំតាតៃ កំពុងរងការរំលោភបំពានពីសំណាក់ក្រុមឈ្មួញ
កោះកុង ៖ ដីជាច្រើនទីតាំងនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ត្រូវគេរាយការណ៍មកថា កំពុងត្រូវបានអ្នកមានលុយជីកកាយភ្នំ ចាក់អាចម៍ដីចូលចំណីព្រែកយ៉ាងរំភើយដោយមិនបានខ្វល់ខ្វាយពីផលប៉ះពាល់ ឬញញើតទៅនឹងច្បាប់អ្វីបន្តិចសោះឡើយ។
តាមសេចក្តីរាយការណ៍ថា ដីនៅក្នុងតំបន់បំពានខាងលើនេះ អាជ្ញាធរមូលដ្ឋានពុំហ៊ានស៊ីញ៉េទទួលស្គាល់នោះឡើយ ប៉ុន្តែអ្នកមានលុយនិងអំណាចដែលកំពុងកាន់កាប់ គេបានទៅធ្វើប្លង់ពីថ្នាក់លើមកវិញ ដោយមិនដឹងថា មានលក្ខខណ្ឌឃុបឃិតអ្វីនោះទេ។
បើតាមស្រ្តីម្នាក់ដែលបានបើកកន្លែងលក់គ្រឿងសំណង់នៅលើដីតំបន់នោះបាននិយាយថា ដីនេះគាត់បានទិញពីឈ្មោះ រមន្នី ដោយមានឯកសារទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ តែចំពោះទំហំដីនោះគឺគាត់មិនបានដឹងពីទំហំច្បាស់លាស់នោះទេ ព្រោះពុំបានមើលឯកសារ ដោយគ្រាន់តែដឹងថា ខាងត្បូងទល់ភ្នំ និងខាងជើងទល់មាត់ព្រែក ហើយពេលនេះ គាត់កំពុងសុំច្បាប់ តែអាជ្ញាធរនៅពុំទាន់បានអនុញ្ញាត។
ចំពោះករណីនេះ លោក ធិន សម្បត្តិ មេឃុំតាតៃ បានថ្លែងថា ដីចំណុចខាងលើ គឺមានការទទួលស្គាល់ត្រឹមត្រូវពីជំនាញភូមិបាល និងអាជ្ញាធរ ប៉ុន្តែចំពោះការសាងសង់សំណង់ និងចាក់បំពេញអាចម៍ដីគឺខាងភាគីម្ចាស់ដីពុំបានសុំការអនុញ្ញាតពីជំនាញពាក់ព័ន្ធ និងអាជ្ញាធរនោះឡើយ ហើយខាងអាជ្ញាធរឃុំស្រុក និងជំនាញពាក់ព័ន្ធក៏បានចុះដល់ទីតាំងដើម្បីបញ្ឈប់សកម្មភាពមិនឲ្យចាក់អាចម៍ដីបន្តទៀតឡើយ ដោយតម្រូវឲ្យភាគីម្ចាស់ដីសច្បាប់អនុញ្ញាតជាមុនសិន ។
លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុងបានថ្លែងថា រឿងរ៉ាវខាងលើនេះខាងនេះលោកនៅពុំទាន់បានទទួលព័ត៌មាននៅឡើយទេ ហើយលោកនិងចាត់កម្លាំងឲ្យចុះពិនិត្យមើល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។