ហាងម៉ាស្សាវៀតណាមល្មើសបំរាមរាជរដ្ឋាភិបាល ត្រូវអាជ្ញាធរខេត្តកោះកុងចុះបិទ
ហាងម៉ាស្សាដែលសំបូរដោយស្រ្តីជនជាតិវៀតណាមមួយកន្លែងស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលគេដឹងថា គឺជារបស់ប្រពន្ធ លោក ប្រាក់ ប៊ុនថន អតីតអធិការរងក្រុងខេមរភូមិន្ទ (ចូលនិវត្តន៍) ត្រូវអាជ្ញាធរចុះបិទអាជីវកម្មទាំងស្រុងកាលពីថ្ងៃទី២០ មេសា ម្សិលមិញ បន្ទាប់ពីរកឃើញថា បានល្មើសនឹងបំម្រាមនិងការណែនាំរាជរដ្ឋាភិបាលកម្ពុជា កំឡុងការរីករាលដាល នៃជំងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរងនគរបាលខេត្តកោះកុងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ថ្លែងថា ក្នុងការចុះបិទហាងម៉ាហ្សានោះ គេបានរកឃើញបុគ្គលិកជាស្រ្តីជនជាតិវៀតណាមចំនួន៣នាក់គ្មានលិខិតឆ្លងដែន ហើយពេលនេះក្រុមការងារបានរៀបចំឯកសារសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបញ្ចូនពួកគេចេញពីប្រទេសកម្ពុជា។
លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ក៏បានឲ្យដឹងដែរថា ម្ចាស់ទីតាំងម៉ាស្សានេះមានឈ្មោះ ង្វៀង គឹមសៀង ជាភរិយារបស់ឈ្មោះ ចក់ អតីតអធិការរងក្រុងខេមរភូមិន្ទ (បច្ចុប្បន្នចូលនិវត្តន៍) ដូច្នេះលោកសម្រេចបិទអាជីវកម្មមិនអនុញ្ញាតឲ្យដំណើរការបន្តទៀតឡើយ ពោលគឺចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។