ថៃ គ្រោង​អនុវត្ត​ផែនការ​ឲ្យ​អ្នកជំងឺ​កូ​វីដ​១៩​ស្រាល ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​នៅផ្ទះ

​ថៃ​៖ ក្រសួងសុខាភិបាល​សាធារណៈ​របស់​ប្រទេស​ថៃ បាន​ឆ្លើយតប​ទៅនឹង​ការកើនឡើង​យ៉ាងគំហុក​នៃ​ឆ្លង​វីរុស Covid-19 តាមរយៈ​ការដាក់ចេញ​ផែនការ​មួយ ដោយ​អនុញ្ញាតអោយ​អ្នកជំងឺ​ស្រាល​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​នៅតាម​ផ្ទះ ដើម្បី​ទុក​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ​មាន​ករណី​ធ្ងន់ធ្ងរ ។​

​ផែនការ​គ្រាអាសន្ន​ខាងលើ ជាការ​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ជុំវិញ​បញ្ហា​ខ្វះ​គ្រែពេទ្យ ដែល​កាន់តែ​អស់​នៅពេល​ប្រទេស​អាស៊ី​មួយ​នេះ​កំពុង​ជួបប្រទះ​ករណី​ផ្ទុះ​វីរុស​កូ​វីដ​១៩​នៅ​រលក​ទី​៣ ហើយ​វិធានការ​នេះដែរ នឹងត្រូវ​ប្រកាន់យក​ក្នុងករណី​សភាពការណ៍​កាន់តែ​អាក្រក់​ទៅ​ប៉ុណ្ណោះ​។

​យ៉ាងណាមិញ ក្រសួងសុខាភិបាល​ថៃ​កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​បញ្ជាក់ថា ទោះជា​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​កំពុង​ស្ថិតក្រោម​ការពិចារណា ក៏​វា​មិនចាំបាច់​ដែរ​ពេលនេះ​ដោយសារ​នៅសល់​គ្រែពេទ្យ​៣​ពាន់​ដែរ ដូច្នេះ​វា​នឹងមិន​ត្រូវអនុវត្ត​ពេលនេះ​ទេ ។​

​គួរ​បញ្ជាក់ថា នៅក្រោម​ផែនការ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ អ្នកជំងឺ​កូ​វីដ​១៩​ត្រូវតែ​មិន​ចេញ​រោគសញ្ញា មាន​អាយុ​ក្រោម​៤០​ឆ្នាំ និង​មិន​កើតរោគ​ធាត់​ជ្រុល មិនមាន​បញ្ហា​សុខភាព​ផ្សេងៗ រួមមាន​រោគ​សួត ជំងឺ​ក្រលៀន ជំងឺ​បេះដូង​រ៉ៃ​រ៉ៃ ស្ត្រូ​ក និង​ជំងឺ​ផ្សេងទៀត​ដែល​គ្រូពេទ្យ​គិតថា មិនមាន​សុវត្ថិភាព​សំរាប់​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។ មន្ទីរពេទ្យ​នឹង​តំរូវអោយ​ចុះ​ពិនិត្យ​អ្នកជំងឺ​ប្រភេទ​នេះ ជា​ទៀត​ទាត់​រាល់​១៤​ថ្ងៃ និង​បញ្ជូនទៅ​មន្ទីរពេទ្យ​បើ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close