បញ្ជូន​បុរស ៦​នាក់ ទៅ​តុលា​ការ ករណី​ជួបជុំ​ផឹកស៊ី​ល្មើ​សនឹង​ច្បាប់​ហាមឃាត់​!

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ឲ្យ​ដឹងថា បុរស​ចំនួន ៦​នាក់ បាន​ជួបជុំ​ផឹកស៊ី​ល្មើ​សនឹង​ច្បាប់ ហើយ​បង្កបញ្ហា​ជាមួយ​សមត្ថកិច្ច នៅ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​ចាប់​បញ្ជូនទៅ​សាលា​ដំបូល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ​។

​សូមបញ្ជាក់ថា បុរស​ទាំង ៦​នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៦:០០​ល្ងាច ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា មាន​មនុស្ស​២​ក្រុម គ្នា​៦​នាក់ បាន​ជួបជុំ​ផឹកស៊ី​ផ្ទុយ​ពី​ច្បាប់ ស្តីពី​ការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​ករណីនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​កម្លាំង​ដើម្បី​ចាប់​ឃាត់ខ្លួន​ជន​ផឹកស៊ី​ទាំងនោះ យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close