TikTok រងការចោទប្រកាន់លួចប្រមូលទិន្នន័យឯកជនកុមារនៅអឺរ៉ុប
អង់គ្លេស៖ TikTok ដែលជាកម្មវិធីវីដេអូដ៏ពេញនិយម និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន បាយដាន (ByteDance) អាចប្រឈមនឹងការបង់ប្រាក់សំណងដែលមានតម្លៃរាប់ពាន់លានផោននៅតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ ជុំវិញការចោទប្រកាន់ថា បានប្រមូលទិន្នន័យឯកជនរបស់កុមារអឺរ៉ុបរាប់លាននាក់ដោយខុសច្បាប់។
នៅក្នុងពាក្យបណ្ដឹងបានចោទប្រកាន់ថា ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រមូលទិន្នន័យអ្នកប្រើប្រាស់ ដែលជាកុមារចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយការប្រមូលនោះ គឺធ្វើឡើងក្នុងរូបភាពខុសច្បាប់ និងរំលោភលើកម្មសិទ្ធិឯកជនភាព ហើយគេមិនបានដឹងថា ទិន្នន័យទាំងនោះ TikTok បានយកទៅប្រើក្នុងគោលដៅអ្វីនោះទេ។
ទិន្នន័យដែល TikTik បានប្រមូលគឺជាទិន្នន័យឯកជន ដែលរួមមាន លេខទូរស័ព្ទ អសយដ្ឋាន និងវីដេអូផ្សេងៗដែលពួកគេបានបង្ហោះ។ ហើយបើសិនជាក្រុមមន្ត្រីជំនាញ និងអាជ្ញាធររកឃើញដូចការចោទប្រកាន់មែននោះ កម្មវិធីវីដេអូដ៏ពេញនិយមនេះ នឹងត្រូវបង់ប្រាក់ពិន័យរាប់ពាន់លានផោន ដែលជាការពិន័យមួយក្នុងទឹកប្រាក់យ៉ាងខ្ពស់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។