ការបង្ក្រាបដ៏ឃោរឃៅពីយោធាមីយ៉ាន់ម៉ា ប្រជាជន ២៥ម៉ឺននាក់ បង្ខំចិត្តភៀសខ្លួន
មីយ៉ាន់ម៉ា៖ ការបង្ក្រាបដ៏ឃោរឃៅដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករទូទាំងប្រទេស បានធ្វើឲ្យមនុស្សជិត២៥ម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ក្នុងនោះមានទាំងប្រទេសជិតខាងផងដែរ នេះបើតាមប្រេសិតពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិ។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានស្ថានការណ៍សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក ថម អេនឌ្រូស៍ (Tom Andrews) និយាយថា វាពិតជាគួរឲ្យភ័យរន្ធត់ណាស់ បន្ទាប់ពីយើងដឹងថា ការបង្ក្រាបដោយកងកម្លាំងយោធាបានធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ាជិត២៥ម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួន។
ជាមួយគ្នានេះ លោក ថម អេនឌ្រូស៍ ក៏បានអំពាវនាវឲ្យពិភពលោកទាំងមូល ចេញសកម្មភាពឲ្យបានឆាប់រហ័ស តាមដែលអាចទៅរួចផងដែរ ដើម្បីឆ្លើយតបនឹងមហន្តរាយផ្នែកមនុស្សធម៌នេះ ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈមក យោធាមីយ៉ាន់ម៉ាបានប្រើធម៌ក្តៅបង្ក្រាបលើក្រុមបាតុករជាបន្តបន្ទាប់ ក្នុងនោះតំបន់ដែលក្តៅគគុកជាងគេ គឺទីក្រុងរ៉ង់ហ្គូន និងម៉ាន់ដាឡាយ ដែលជាតំបន់មានមនុស្សរស់នៅច្រើនបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។