សមត្ថកិច្ចចាប់ខ្លួនយោធាផ្កាយ២ម្នាក់ ករណីរត់ពន្ធជនជាតិចិន២៨នាក់ពីភ្នំពេញ ទៅខេត្តស្វាយរៀង

មន្ត្រីយោធាពាក់ផ្កាយ ២ លោក ស៊ុំ ពៅ ដែលមានតួនាទីជាអនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា គាត់បានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធជនជាតិចិនចំនួន ២៨ នាក់ ពីភ្នំពេញទៅខេត្តស្វាយរៀង។

យោងតាមសារជាសំឡេងដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។
លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាតឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី៣០ ខែឧសភា ឆ្នាំ២០២១។
ក្រោយបានលិខិតបេសកកម្មមួយសន្លឹកនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បែរជាលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញទៅខេត្តស្វាយរៀង ទំនងបន្ដចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាល នៅខេត្តស្វាយរៀងនោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។