ពលរដ្ឋថា មានឈ្មួញវៀតណាមចូលមកទិញគោដល់ដីខ្មែរតាមច្រកស្វាយអាង៉ោង រាល់យប់ ដោយបង់លុយឲ្យប៉ូលិសព្រំដែន

(ព្រៃវែង) ៖ បើតាម​សេចក្តីរាយការណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋរស់នៅភូមិរោង ភូមិចាម ភូមិគាធំ ភូមិព្រះស្ដេច ឃុំចាម នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង បាន​ឲ្យដឹងថា ជារៀងរាល់យប់មានឈ្មួញវៀតណាមជាច្រើននាក់បានចូលមកក្នុងទឹកដីកម្ពុជា តាមច្រករបៀងស្វាយអាង៉ោង ដើម្បីមកទិញសត្វគោក្របី ដោយធ្វើ​ឲ្យ​ពួក​គាត់ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​ជំងឺកូវីដ១៩​កំពុងតែរាតត្បាតយ៉ាងដូចនេះ។

ប្រជាពលរដ្ឋថា ១យប់ៗ មានឡានរបស់ឈ្មួញវៀតណាមប្រមាណពី ៥ ទៅ៦គ្រឿងបានចូលមកដឹកសត្វគោក្របី ដោយ​ក្នុងឡាននីមួយៗមានមនុស្សជិះចាប់ពី៣ ទៅ៦នាក់, ហើយបើតាមសេចក្តីរាយការណ៍ ការដែលឈ្មួញវៀតណាមទាំងនោះអាចចូលមកបាន គឺពួកគេបានបង់លុយ​ឲ្យ​សមត្ថកិច្ចនៅព្រំដែន ដោយម្នាក់ចំនួន ១០ម៉ឺនដុង។

នៅពេលដែលឈ្មួញវៀតណាមមកដល់ គេ​ក៏បានឃើញ​ឈ្មួញខ្មែរ ដែលបានដឹកគោក្របីឆ្លងពីបណ្តាខេត្តផ្សេងៗមិនក្រោមពី ២០ ទៅ៣០នាក់នោះទេ បានមកដោះដូរគ្នានៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្របែកនេះ។

ចំពោះករណីនេះ លោក មុឹង ម៉ន ប្រធានប៉ុស្តិ៍ការពារព្រំដែន 607ស្វាយអាង៉ោង បានថ្លែងថា មិនមានករណីនេះកើតឡើងទេ ដោយថា ចាប់តាំងពីផ្ទុះការរីករាលដាលជំងឺកូវីដ១៩ម្តង ច្រករបៀងទាំងអស់គឺត្រូវបានបិទហើយ៕

ដោយ៖ សាត ស៊ីន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close