អ្នកជំនាញ​ថៃ​៖ វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ អាច​ការពារ​បាន​រហូត​ដល់​៩៩,៤%​ក្រោយ​ចាក់​លើក​ទី​២​បាន​១​ខែ​

​សារព័ត៌មាន The Nation Thailand នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែមេសា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា លោក​វេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេស​ខាង​ផ្នែក​រោគសាស្ត្រ​នៃ​សាកលវិទ្យាល័យ Chulalongkorn បាន​និយាយ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា (COVID-19) ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន ស៊ី​ណូ​វ៉ា​ក់ (Sinovac) អាច​ផ្ដល់​ភាពស៊ាំ ដែលមាន​សមត្ថភាពរ​ហូត​ដល់ ៩៩.៤​ភាគរយ​ប្រឆាំងនឹង​វីរុស​នេះ បន្ទាប់ពី​ការចាក់​លើក​ទី​២​បាន​មួយខែ​។​

​លោក​វេជ្ជបណ្ឌិត Yong Poovorawan លើកឡើង​ដូចខាងលើ ដោយយោង​លើ​ការសិក្សា​ស្រាវជ្រាវ​មួយ ដោយ​សាកលវិទ្យាល័យ Chulalongkorn និង​មន្ទីរពេទ្យ​ទូទៅ Banphaeo នៅ​ខេត្ត​សាមុត សា​ខន (Samut Sakhon) អំពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស មុន​និង​ក្រោយពេល​បានទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 របស់ Sinovac ពីរ​ដូ​ស ដោយ​ដូ​ស​ទី​ពីរ​ចាក់​ក្រោយ​ដូច​ទីមួយ ៣​សប្តាហ៍​។​

​លោក Yong Poovorawan បាន​បកស្រាយ​ថា «​យើង​បាន​រកឃើញថា ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ម្នាក់ មានការ​កើនឡើង​ខ្លាំង នៅពេល​បានទទួល​ការចាក់​វ៉ាក់សាំង​។ មួយខែ​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​លើក​ទី​២ ប្រព័ន្ធ​ភាពស៊ាំ បាន​កើនឡើង​ប្រហាក់ប្រហែល​នឹង ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ ដែល​បាន​ឆ្លង​វីរុស​នេះ ហើយ​ជាសះស្បើយ​វិញ បាន​រយៈពេល ៤-៨​សប្តាហ៍​»​។​

​លោក​វេជ្ជបណ្ឌិត បាន​មានប្រសាសន៍ថា «​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac ដូ​ស​ទី​ពីរ អាច​ទទួលបាន​ប្រព័ន្ធ​ភាពស៊ាំ ដែលមាន សមត្ថភាព ៩៩.៤​ភាគរយ​ប្រឆាំងនឹង COVID-19 ខណៈ​អ្នកជំងឺ​ដែល​បាន​ឆ្លង​វីរុស​នេះ ហើយ​ជា​វិញ អាច​ទទួលបាន​ប្រព័ន្ធ​ភាពស៊ាំ ដែលមាន​សមត្ថភាព​ទ​ប់ទ​ល់​៩២.៥​ភាគរយ​»​។ លោក​វេជ្ជបណ្ឌិត​ថៃ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា «​យើង​ដឹង​រួចហើយ​ថា អ្នកជំងឺ​ដែល​បានជា​សះស្បើយ អាច​ត្រូវបាន​ឆ្លង​វីរុស​នេះ​ម្តងទៀត ប៉ុន្តែ​ភាព​ធ្ងន់ធ្ងរ​ទំនងជា​តិចជាង​លើកដំបូង​»​។​

​គួរ​បញ្ជាក់ថា បើតាម​លោក​វេជ្ជបណ្ឌិត Yong Poovorawan ការសិក្សា​រយៈពេល​ក៏​កំពុង​ធ្វើឡើង​ផងដែរ អំពី​ប្រព័ន្ធ​ភាពស៊ាំ​នៃ​អ្នក​ចាក់​វ៉ាក់សាំង ក្នុង​គោលបំណង​ព្យាករ​ពី​ឱកាស​នៃ​ការឆ្លង​វីរុស COVID-19 ឡើងវិញ​។ ក្នុង​រយៈពេល​វែង ការសិក្សា​នេះ នឹង​អាច​ឲ្យ​ដឹងបាន​ថា តើ​វា​ចាំបាច់​ក្នុង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 លើក​ទី​៣ ឬ​យ៉ាងណា ហើយ​ប្រសិនបើ​វា​ដូច្នោះ តើ​នៅពេលណា​ដែល​គួរតែ​ទទួល​ការចាក់​លើក​ទី​៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close