ប្រធានាធិបតីហ្វីលីពីន មិនទៅចូលរួមកិច្ចប្រជុំអាស៊ាន ស្តីពីស្ថានភាពមីយ៉ាន់ម៉ាឡើយ

ប្រមុខដឹកនាំប្រទេសតំបន់អាស៊ានបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ អាស៊ាន ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី២៤ខែមេសា ដើម្បីពិភាក្សាពីស្ថានភាពក្នុងតំបន់ពិសេសគឺបញ្ហាវិវាទនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដោយឡែកប្រធានាធិបតីហ្វីលីពីន លោក Duterte មិនបានទៅចូលរួមឡើយ ហើយក៏មិនបញ្ជាក់ពីមូលហេតុនោះដែរ ។

អ្នកនាំពាក្យរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មិនអាចចាកចេញទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ សប្តាហ៍នេះបានឡើយ។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ប្រាប់មូលហេតុយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ឌូតឺតេ បានសម្រេចស្ថិតនៅក្នុងប្រទេស ដើម្បីគ្រប់គ្រងស្ថានការណ៍ ឆ្លើយតបនឹងការព្រួយបារម្ភនានា អំពីការកើនឡើងករណីឆ្លង COVID-19»។ បច្ចុប្បន្នករណីឆ្លងជំងឺនេះនៅហ្វីលីពីន កំពុងខិតកាន់តែជិត ១លានករណីហើយ ខណៈអ្នកជំងឺសរុប ១៦,៣៧០នាក់បានស្លាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះតែម្តង។

គួរបញ្ជាក់ថា ក្រៅពីប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក៏បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតាផងដែរ។ កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រារព្ធឡើងនៅចុងសប្តាហ៍នេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សាស្តីអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយលោកអគ្គមេបញ្ជាការយោធា មីង អោង ហ្លេង នឹងបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំនោះ ក្នុងនាមជាមេដឹកនាំមីយ៉ាន់ម៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។