កម្ពុជា ចូលរួម​កិច្ចប្រជុំតុមូល ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​២០៣០ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង​សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មានការ​ចូលរួម​អមដោយ​ឯកឧត្តម ស្រី វុ​ឌ្ឍី អគ្គលេខាធិការ និង​ឯកឧត្តម​បណ្ឌិត ព្រំ សុមា​នី ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ បាន​ចូលរួម​កិច្ចប្រជុំតុមូល ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​២០៣០ ក្រោម​ប្រធានបទ (Building Back Better) ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ​ធនាគារពិភពលោក សម្របសម្រួល​ដោយ​លោកស្រី Mari Pangestu នាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក ព្រមទាំង​មានការ​ចូលរួម​ដោយ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុង​ហ្គោ​លី ប៉ា​ពូ​ញូ​ហ្គី​នេ ហ្វីលីពីន វៀតណាម និង​ទី​ម័​រ​ខាងកើត និង​មាន​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) អគ្គលេខាធិការ​អាស៊ាន និង​អង្គការ​ជាតិ និង​អន្តរជាតិ​ផងដែរ​។

​គោលបំណង​សំខាន់​ក្នុងការ​រៀបចំ​កិច្ចប្រជុំតុមូល​ក្នុង​ក​ម្រឹត​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​គឺ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នានា និង​ស្វែងរក​ជម្រើស និង​សកម្ម​ភាពជា​អារ​ទិ​ភាព​ដើម្បី​ធានា​អោយបាន​នូវ​និរន្តរភាព​នៃ​សន្តិសុខ​ស្បៀងអាហារ និង​អាហារ​រូប​បឋម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​បញ្ជាក់ថា ទោះជា​កម្ពុជា នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ក្នុងការ​អភិវឌ្ឍ វិស័យ​កសិកម្ម ពិសេស​គឺ​ផលិតភាព​កសិកម្ម​នៅមានកម្រិត​ទាប និង​ការប្រកួតប្រជែង​ទីផ្សារ​នៃ​ផលិតផល​កសិកម្ម​នៅ​ពុំទាន់​ដោះស្រាយបាន​ល្អប្រសើរ ដែល​ទាំងនេះ​ជាហេតុ​ធ្វើឱ្យ​កសិករ​កម្ពុជា​មានការ​លំបាក​។
​ទោះជា​យ៉ាងណាក៏ដោយ​ក្នុង​បរិ​កាណ៍​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ ក្រសួង​ក៏បាន​ផ្តោតលើ​ការងារ​សំខាន់ៗ​មួយចំនួនទៀត ដែលជា​ការឆ្លើយតប​ទៅនឹង​បញហា​ប្រឈម​ទាំងនេះ​រួមមាន​៖

១-​ជំរុញ​ការអភិវឌ្ឍ​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម​និង​ដំណាំ​ឧស្សាហកម្ម ដោយ​លើកកម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់ និង​ទីផ្សារ​ក្នុងស្រុក តាមរយៈ​ការប្រើប្រាស់​ពូជ​ដំណាំ​មានគុណ​ភាព ការធ្វើ​ពិពិធ​កម្ម​ប្រភេទ​ដំណាំ ការអនុវត្ត បង្គុំ​បច្ចេកទេស​ទំនើប ការលើកកម្ពស់​ការអនុវត្ត​កសិកម្ម​ល្អ និង​ការផ្តល់សេវា​បច្ចេកទេស​កសិកម្ម​ថ្មី និង​បច្ចេកវិទ្យា​វៃឆ្លាត​ធន់​នឹង​អាកាសធាតុ​ដល់​កសិករ និង​សហគមន៍​កសិកម្ម​។ ពង្រឹង​វិធានការ​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​កាត់បន្ថយ​ការ​រាតត្បាត​សមាសភាព​ចង្រៃ ព្រមទាំង​ត្រូវ​ត្រៀម​បម្រុង​គ្រាប់ពូជ​ដំណាំ​សម្រាប់​ចែកជូន​ដល់​កសិករ ដើម្បី​ស្តារ​ផលិតកម្ម​ដំណាំ​នៅតាម​តំបន់​ដែល​រងគ្រោះ​ដោយសារ​កត្តា​ធម្មជាតិ​។ បន្ថែម​លើសពីនេះ ក្រសួង​បន្ត​ជួយ​ដល់​ប្រជាកសិករ​តាម​គ្រប់​រូបភាព​សំដៅ​ដល់​ការបង្កើត​កសិដ្ឋាន​ថ្មីៗ ព្រមទាំង​គាំទ្រ និង​ពង្រីក​ទំហំ​ផលិតកម្ម​ស្បៀង​ដែល​ឆាប់​ផ្តល់​ផល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

២-​ជំរុញ​ការ​ចិញ្ចឹមសត្វ ធានា​ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ​មានគុណ​ភាព អនាម័យ និង​សុវត្ថិភាព សម្រាប់​បំពេញតម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​បង្កើន​ការចិញ្ចឹម​សត្វ​ដែលមាន​វដ្ដ​ផលិតកម្ម​ខ្លី​។ ជំរុញ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឱ្យ​បង្កើន​ទុនវិនិយោគ​បន្ថែមទៀត​ក្នុងការ​ពង្រីក​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​បង្កើន​ផលិតកម្ម​សត្វ​។ ជំរុញ​ការផលិត​ចំណី​សត្វ បង្កើន​ទុន​សម្រាប់​ការទិញ​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​បង្កើន​ការផលិត​ចំណី​សត្វ ធានា​នូវ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមស្រប​។

៣-​ជំរុញ​ការអភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​រូបភាព​ដល់​ប្រជាកសិករ និង​អ្នកវិនិយោគ ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​ត្រី រក្សាបាន​តុល្យភាព​តម្លៃ​ទីផ្សារ ព្រមទាំង​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ បង្កើន​ការផលិត​កូន​ត្រី​ពូជ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ចែកចាយ​ដល់​កសិករ​នៅ​តំបន់​ដែលមាន​សក្តានុពល​ក្នុង​ការធ្វើ​វារីវប្បកម្ម ផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ​ដល់​សហគមន៍​នេសាទ ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​។​

៤-​រៀបចំ​កសាង​គម្រោង​/​ផែនការ​ផលិតកម្ម​ស្បៀង ស្របតាម​ផែនការមេ​វិស័យ​កសិកម្ម​ឆ្នាំ​២០៣០ និង​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​នេះ ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀងអាហារ (​បន្លែ ផ្លែឈើ ត្រី សាច់​) សម្រាប់​ផ្គត់ផ្គង់​សេចក្តីត្រូវការ​ហូបចុក​ក្នុងប្រទេស​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close