រថយន្ត​ស៊ាំ​យ៉ុង បែក​កង់​រ៉េ​បុក​កុងតឺន័រ រងរបួស​មនុស្ស ២​នាក់ នៅ​ស្រុក​ស្រែអំបិល

​ខេត្តកោះកុង​៖ នៅវេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​កុងតឺន័រ បុក​រថយន្ដ​ស៊ាំ​យ៉ុង បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ចំនួន ២​នាក់ លើផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​បើតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង ម៉ាក​ស៊ាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2M-8096 បាន​បែក​កង់​ក្រោយ​ខាងស្ដាំ ហើយ​រ៉េ​ចង្កូត​ទៅបុក​នឹង​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2002 បើក​ក្នុង​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ បាន​រងរបួស​តែម្តង​។​

​ជនរងគ្រោះ ឈ្មោះ កៅ ព្រំ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ អ្នកបើកបរ​រថយន្ត​ស៊ាំ​យ៉ាង (​រងរបួស​ស្រាល​) និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ឈឿន សា​អែម ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រងរបួស​បាក់ដៃ​ម្ខាង​។ អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​កម្លាំង​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​។ ចំណែក​ជនរងគ្រោះ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close