សង្គម​ព្រឹក​នេះ ​សម្តេច ហ៊ុន សែន អញ្ជើញ​សម្ពោធចំណតនាវា​ដឹក​អ្នក​ដំណើរ​ឫស្សីកែវ​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ចំណតនាវា​ដឹក​អ្នក​ដំណើរ នៅ​ក្នុង​ខណ្ឌ​ឬ​ស្សីកែវ រាជធានី​ភ្នំពេញ ក្រោយ​ដាក់​ឲ្យ​ដំណើរ​ការ​បណ្តោះ​អាសន្ន​អស់​រយៈ​ពេល​​ប្រមាណ​៤ខែ​កន្លង​មក​នេះ។

រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​រៀបចំ​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ដើម្បី​​បង្កើត​ជាប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​មាន​លក្ខណៈ​​កាន់​តែង​យស្រួលសំរាប់បងប្អូនប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​​ដើម្បី​​ជំរុញ​អោយ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កាន់​តែ​ប្រសើរ​ឡើង ដោយ​ហេតុ​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក អាច​ដឹក​បាន​ច្រើន​ក្នុង​តម្លៃ​ទាប ប្រកប​ដោយ​សុវត្ថិភាព និង​ទៀងទាត់​ពេល​វេលា និង​មិន​មាន​ការ​កកស្ទះ​ចរាចរណ៍។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ធ្វើ​ប្រតិបត្តិ​ការ​ដឹក​អ្នក​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​ទី០៦ ខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី០១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ប្រើ​ប្រាស់​នាវា​ដឹក​អ្នក​ដំណើរ​ចំនួន ៤គ្រឿង (២គ្រឿង​ទិញ​ពី​ប្រទេស​វៀត​ណាម និង​២គ្រឿង​ទៀត ជួលពី​ក្រុម​ហ៊ុន Royal Express Boat) ដែល​នាវានី​មួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នក​ដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​រយៈ​ពេល​​ប្រមាណ​តិច​ជាង​មួយ​ម៉ោង​រវាង​ចំណតនាវា​ដើម​ទី (ឬ​ស្សីកែវ) និង​ចំណតនាវា​ចុង​ទី (តា​ខ្មៅ) ដែល​រយៈ​ពេល​​នេះ​តិច​ជាង រយៈ​ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ប្រមាណ​២ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close