ឯកឧត្តម គួច ចំរើន ដាក់​ឲ្យ​ប្រើប្រាស់​មធ្យោបាយ​ចល័ត ដឹកជញ្ជូន​គ្រឿងឧបភោគ​បរិភោគ​លក់​ដូរ ដល់​លំនៅដ្ឋាន​ពលរដ្ឋ នៅក្នុង​តំបន់​ក្រហម​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធានការ ប្រើប្រាស់​មធ្យោបាយ​ចល័ត ដើម្បី​ដឹកជញ្ជូន​គ្រឿងឧបភោគ​បរិភោគ​លក់​ដូរ​ដល់​លំនៅដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្ថិតនៅក្នុង​តំបន់​ក្រហម រួមមាន​៖ ភូមិ​១ ភូមិ​២ ភូមិ​៣ ភូមិ​៤ និង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​ដោះស្រាយ និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុងកំឡុងពេល​នៃ​ការបិទ​ខ្ទប់​ក្រុងព្រះសីហនុ​ជា​បណ្តោះអាសន្ន​នេះ​។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បាន​ដាក់ចេញ​វិធានការ​នេះ ខណៈដែល​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្សារ​លក់​គ្រឿង​ឧបភោគបរិភោគ​បណ្តោះអាសន្ន ស្ថិតក្នុង​បរិវេណ​ផ្សារ​ទំនើប Furi ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ជិត​ផ្សារ​ទំនើប Furi សូម​អញ្ជើញ​មក​ទិញ​គ្រឿងឧបភោគ​បរិភោគ​មានដូចជា អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និង​គ្រឿងទេស​ជាច្រើន​មុខ​ទៀត នៅ​ទីតាំង​ផ្សារ​បណ្តោះអាសន្ន ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​នេះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​ដោយមាន​ការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល នៅក្នុង​សហគមន៍ ខណៈពេលដែល​ក្រុងព្រះសីហនុ កំពុងមាន​ការឆ្លង​រីក​រាលដាល​កើនឡើង​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​អ្នកគ្រប់គ្រង និង​អាជីវករ​លក់ដូរ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​លក់ដូរ ចាំបាច់​ត្រូវ​អនុវត្តតាម​សង់​ដារ​ប្រតិបត្តិ​របស់​ផ្សារ និង​ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស គម្លាត​សុវត្ថិភាព លាងដៃ​ជាមួយនឹង​ទឹក​អាល់កុល ជែ​ល និង​ទឹក​សម្លាប់​មេរោគ​ផ្សេងៗ​ឱ្យបាន​ជាប្រចាំ ជាពិសេស​ត្រូវអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​បី​ការពារ​បី​កុំ​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​យើង​ចៀស​ស​ផុតពី​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​បន្តទៀត​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close